ព្រះរាជអាជ្ញាបញ្ជាឱ្យចាប់ខ្លួនជនសង្ស័យ២០នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន…

ភ្នំពេញ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿ ឡង់ឌី បានបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នេះបើយោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។


ក្នុងករណីចុះបង្ក្រាបនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងគឺ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់តូច ជារបស់ជនសង្ស័យ ឈ្មោះ ខឿន ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច ជញ្ជីងអេឡិចត្រូនិចចំនួន ១គ្រឿង និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ២សម្រាប់ ជារបស់ជនសង្ស័យមិនស្គាល់ឈ្មោះ (រត់គេចខ្លួន)។


បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យ បានបន្តធ្វើរដ្ឋបាលនៅចំណុចខាងលើ និងចាប់ខ្លួនជនសង្ស័យចំនួន ១៥នាក់បន្ថែមទៀត និងដកហូតវត្ថុតាងម៉ូតូចំនួន ៤គ្រឿង ផាសអាប់ ១គ្រឿង និងរ៉ឺម៉កម៉ូតូសណ្តោង ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង ២០នាក់ រួមនឹងវត្ថុតាង ត្រូវបាននាំយកទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram