អាជ្ញាធររាជធានីភ្នំពេញ គ្រោងសាងសង់ស្ថានីយបូមទឹកថ្មីនៅទួលពង្រ…
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងសាងសង់ស្ថានីយបូមទឹកថ្មីមួយកន្លែងទៀតនៅទួលពង្រ “ស្ថានីយបូមទឹកទួលពង្រ” និងស្តារប្រឡាយបង្ហូរទឹកដាក់លូជ្រុងទំហំទទឹង ៨ម៉ែត្រ ដើម្បីរំដោះទឹកនៅតំបន់ជាយក្រុងពិសេស ខណ្ឌដង្កោ ខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ។

គម្រោងនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹកនៅរាជធានីភ្នំពេញជាមួយអាជ្ញាធរខណ្ឌទាំង ៣ និងមន្ត្រីជំនាញកាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលារាជធានី ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្រៅពីគម្រោងកសាងស្ថានីយបូមទឹកទួលពង្រ ជាការងារចំពោះមុខ ក៏ត្រូវស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងឱ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤,៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង ផងដែរ។

ការដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រ គុណនឹង២,៦៥ម៉ែត្រ មានចំនួន ៣ជួរប្រវែង ៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុងដល់ប្រឡាយបឹងហា។ ទន្ទឹមនឹងនោះក៏ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ១,២២០ម៉ែត្រ ចាប់ពីបូរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន ៧កន្លែង ផងដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ចំពោះការងារពាក់ព័ន្ធ និងការងាររំដោះទឹក ត្រូវតែធ្វើហើយទាំងការស្តារប្រឡាយឱ្យបានធំរហូតដល់ ៨ម៉ែត្រ និងការងារស្ថាបនាស្ថានីយបូមទឹកទួលពង្រជាដើម។

អ្វីដែលសំខាន់នោះគឺបញ្ហាថវិកា ប៉ុន្តែទោះបីជាយ៉ាងណាក្តីត្រូវប្រឹងប្រែង និងការគៀងគរពីប្រជាពលរដ្ឋពិសេសម្ចាស់បុរីធំៗឱ្យចូលរួម។ ម្យ៉ាងវិញទៀតដើម្បីឱ្យកាារងារនេះដំណើរការទៅបានរលូន និងលឿនទាន់ពេលវេលានោះ នៅថ្ងៃសៅរ៍នាចុងសប្តាហ៍នេះ លោកនឹងចុះទៅពិនិត្យប្រឡាយ និងទីតាំងខាងលើដោយផ្ទាល់តែម្តង ដើម្បីជម្រុញការងារនោះឱ្យបានលឿនទាន់រដូវប្រាំង ងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សា៕

