ចុះពីស្ពានបួងចង្កូតមិនទាន់ជ្រុលទៅបុកសួនច្បាររង្វង់មូលព្រែកសំរោង…

ភ្នំពេញ៖ រថយន្តមែកសឺដេស S430 មួយគ្រឿង បោះពួយយ៉ាងលឿន ចុះពីស្ពានព្រែកសំរោង បួងចង្កូតមិនទាន់ ជ្រុលទៅបុកឡើងសួនច្បាររង្វង់មូលព្រែកសំរោង និងបន្តទៅបុករបាំងថ្ម ដែលនៅអមផ្លូវជុំវិញរង្វង់មូល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅរង្វង់មូលគល់ស្ពានព្រែកសំរោង ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។


ប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសស្ត្រី ២នាក់ ជិះរថយន្តមួយគ្រឿង ម៉ាកមែកសឺដេស S430 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-0107 ធ្វើដំណើរចុះពីលើស្ពានព្រែកសំរោង ទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ សង្ស័យអ្នកបើកបររថយន្ត ស្រវឹង បួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកឡើងលើសួនច្បាររង្វង់មូលព្រែកសំរោង បណ្ដាលឲ្យបែកខឿនសួនច្បាររង្វង់មូល ២ ទៅ ៣ផ្ទាំង។ តែរថយន្ត នៅមិនអស់ល្បឿន ក៏បានបន្តទៅខាងមុខ ធ្លាក់ចេញពីលើសួនច្បាររង្វង់មូល រួចក៏ទៅបុកនឹងរបាំងថ្ម ដែលនៅអមផ្លូវជុំវិញរង្វង់មូលពេញទំហឹង ទើបរថយន្តទៅមុខលែងរួច ក្រពឹត និងបាក់ក្រឡេកង់ខាងមុខចំហៀងខាងស្ដាំ។


ភ្លាមៗនោះ អ្នកនៅក្នុងរថយន្ត ក៏បាននាំគ្នាចុះពីលើរថយន្ត រួចគេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្តង។បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញបានចុះមកធ្វើអន្តរាគមន៍។


ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង និងស្ទូចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram