នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី KAMEI Haruko ប្រធានតំណាងថ្មី …
របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ អបអរសាទរ ចំពោះលោកស្រី KAMEI Haruko ដែលបានមកបំពេញនូវបេសកកម្មជាប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រក្នុងការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមដល់កម្ពុជា ។

ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្រ្ត និងជាដៃគូសហប្រត្តិការទ្វេភាគីធំជាងគេមួយ ដែល បានផ្តល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជា ។ ការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន គឺចំគោលដៅ លើ គ្រប់វិស័យ រួមមាន៖ សុខាភិបាល, អប់រំ, កសិកម្ម, ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ, ស្ពាន, កំពង់ផែស្វយ័ត អន្តរជាតិ, ប្រព័ន្ធធារាសាស្រ្ត, បណ្តាញថាមពលអគ្គិសនី, និងការផ្គត់ផ្គង់ទឹកស្អាត ជាដើម ។ល។ ជាក់ស្តែង, ក្នុងឆ្នាំ ២០២០ កន្លងមក, រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទាន មានទឹកប្រាក់ចំនួន ២៥ ប៊ីលាន យ៉េនជប៉ុន (ត្រូវជាប្រមាណ ២៣៨ លានដុល្លារអាមេរិក) ចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍នានាជួយគាំ ទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ លើបញ្ហាសុខភាព, សង្គម និងសេដ្ឋកិច្ចកម្ពុជា សំដៅរក្សាលំនឹងសេដ្ឋកិច្ច-សង្គម ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។

លោកស្រី KAMEI Haruko ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង ម៉ត់ចត់ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ។ ក្នុងអាណិត្តបំពេញ ភារកិច្ចនៅកម្ពុជា, លោកស្រីសន្យានឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង បន្តការគាំទ្រនូវការផ្តល់ហិរញ្ញប្បទានបន្ថែមទៀត ក្នុងក្របខ័ណ្ឌនៃកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុង ក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង, ឥណទានសម្បទាន និងជំនួយបច្ចេកទេស ជាដើម ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ឆ្លើយតបចំទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថា JICA នឹងបន្តជួយពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច-សង្គមរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន ឲ្យកាន់ តែទូលំទូលាយ និងស្អិតរមួតថែមទៀត ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជូនពរលោកស្រី KAMEI Haruko និងសហការី ឲ្យទទួលបាននូវជោគជ័យលើគ្រប់ភារកិច្ចទាំងអស់ ។

