កីឡាកងយោធពលខេមរភូមិន្ទ ដណ្តើម មេដាយ ១៦៥៤គ្រឿង រយៈពេល ១៤ឆ្នាំ ទំាងជាតិ និងអន្តរជាតិ….
ឯកឧត្តម នាយឧត្តនសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ បានអញ្ជើញ ចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សា កីឡាកងយោធពលខេមរ ដើម្បីពិភាក្សាអំពី ការកែសម្រួលសមាសភាព ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ពិភាក្សា និងកែសម្រួល លក្ខន្តិកៈ មួយចំនួន របស់ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ តែងតាំងគណៈកម្មការ កិត្តិយស និងទីប្រឹក្សា កែសម្រួល តែងតាំង សមាសភាពប្រធាន-អនុប្រធាន និងសមាជិក គណៈកម្មការនានា និងបញ្ចូល ស្ថាប័ន-កងអង្គភាពបន្ថែម រចនាសម្ព័ន្ធក្រុមប្រឹក្សាកីឡា កងយោធពល ខេមរភូមិន្ទ ដើម្បីរួមចំណែកអភិវឌ្ឈវិស័យកីឡា របស់កម្ពុជា អោយកាន់តែរីកចំរើន និងជាពិសេស ដើម្បីត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលសិទ្ធ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

ឯកឧត្ដម ឧត្តមសេនីយឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អចិន្ត្រៃយ៍ក្រុមកីឡា កងយោធពលខេមរភូមិន្ទ មានប្រសាសន៍ថា ចាប់ផ្តើមពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២០ ក្រុមកីឡា កងយោធពលខេមរភូមិន្ទ ដណ្តើមបានមេដាយ សរុបចំនួន ១៦៥៤គ្រឿង ទំាងការប្រកួតជាតិ និងអន្តរជាតិ ក្នុងរយៈពេល១៤ឆ្នាំ ។

ឯកឧត្ដម បានបន្តថា សម្រាប់មេដាយ ១៦៥៤គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ៥៧៦គ្រឿង មេដាយប្រាក់ ៥៩៧គ្រឿង និងមេដាយសំរិទ្ធ ៤៨១គ្រឿង ព្រមទំាង ពានរង្វាន់ ១០៥រង្វាន់ ដោយមានពានរង្វាន់ កីឡាប៉េតង់ កម្រិតពិភពលោក ចំនួន៤ពានរង្វាន់ ដណ្តើមបាន ដោយវិរកីឡាការិនី កែ ឡេង ចំពោះ មេដាយមាស៤គ្រឿង ពិភពលោក ចាប់តាំងពី២០១៣ ដល់២០១៩។

ឯកឧត្ដម ឧត្តមសេនីយឯក តែម ម៉ឺន អនុប្រធានអចិន្ត្រៃយ៍ បានបន្ថែមទៀតថា ការប្រកួត កម្រិត អន្តរជាតិ រយៈពេល១៤ឆ្នាំមកនេះ ទទួលបាន មេដាយ សរុបចំនួន ៣០០គ្រឿង។ កីឡា កងយោធពលខេមរភូមិន្ទ ដែលមាន សក្តានុពល គឺប្រភេទ កីឡាប៉េតង់ ដោយសារ តែរាល់ការចេញ ទៅចូលរួម ព្រឹត្តិការណ៍ ការប្រកួត លើឆាកអន្តរជាតិ តែងតែទទួល មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជានិច្ច៕


