ករណីផ្ទុះជំងឺគ្រុនផ្តាសាយបក្សីនៅស្រុកឯកភ្នំ ត្រូវបានបិទបញ្ចប់ហើយ….
ភ្នំពេញៈ ករណីផ្ទុះជំងឺគ្រុនផ្តាសាយបក្សី នៅក្នុងកសិដ្ឋានស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានបញ្ចប់ហើយ ដោយមន្ត្រីជំនាញបានយកបក្សីដែលនៅសេសសល់ជីកកប់ និងបានបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់។លទ្ធផលផ្លូវការ នៃការធ្វើតេស្តសំណាកសត្វមាន់ដែលងាប់ជាងមួយពាន់ក្បាល នៅស្រុកឯកភ្នំ គឺបានបង្ហាញថា គ្រុនផ្តាសាយបក្សី (H5N1)។លទ្ធផលនៃការធ្វើតតេស្តនេះគឺបានបង្ហាញកាលពីថ្ងៃទី១១ខែមករាម្សិលមិញ។ការធ្វើតេស្តនេះបានធ្វើឡើងបន្ទាប់ពីសត្វមាន់ជាច្រើនក្បាលបានងាប់ជាបន្តបន្ទាប់នៅក្នុងកសិដ្ឋានចិញ្ចឹមមួយមួយកន្លែងស្ថិតនៅនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករាកន្លងទៅ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី១២ ខែមករា នេះថា ករណីគ្រុនផ្តាសាយបក្សីនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺបានបិទបញ្ចប់ហើយ ដោយយកបក្សីដែលនៅសេសសលជីកកប់ និងបានបាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ ដូច្នេះមិនមានបញ្ហាអ្វីទៀតទេ។លោកបញ្ជាក់យ៉ាងដូច្នេះថា“យើងបានបិទបញ្ចប់អស់ ហើយ ករណីគ្រុនផ្តាសាយបក្សី គឺបានយកបក្សីដែលនៅសេសសល់ជីកកប់ ហើយបានបាញ់ថ្នាំសម្លាប់មេរោគដូចជាមិនមានបញ្ហា អ្វីទៀតទេ”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ គឺជាមន្ត្រីសុខាភិបាល ។ប៉ុន្តែមិនមែនជាអ្នកចិញ្ចឹមមាន់ពិតប្រាកដទេ និងមិនបានដឹង មិនបានយល់អំពីការថែទាំមាន់ ឬព្យាបាលមាន់នោះទេ ហើយគោលបំណងរបស់គាត់ គឺចិញ្ចឹមមាន់ដើម្បីយកលាមក ប៉ុន្តែនៅពេលកើតមានបញ្ហាគាត់អត់បានធ្វើទំនាក់ទំនងជាមួយមន្ត្រីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។ ប៉ុន្តែអ្វីៗត្រូវបានបិទបញ្ចប់ដោយមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានចាត់ចែងចប់សព្វគ្រប់អស់ហើយ។

លោកវេង សាខុន បានអះអាងថា ករណីគ្រុនផ្តាសាយបក្សីនេះ (H5N1) គឺមិនប៉ះពាល់ដល់មនុស្សនោះទេ៕

