បានចុះទៅធ្វើការពិនិត្យនិងស្រាវជ្រាវផ្ទះមួយកន្លែងលេខB9 ផ្លូវបេតុងបុរីទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីកើតមានករណីបាញ់ផ្តាច់ជីវិតលោករ៉េត ស៊ីណែត ហៅញ៉ក់ នាយរងការិយព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យ៉ាងឃោរឃៅរួចមក កម្លាំងនគរបាលចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ក្រសួងមហាផ្ទៃ បានបើកការស្រាវជ្រាវយ៉ាងដុតដៃដុតជើងរហូតឈានដល់ការឃាត់ខ្លួនបក្ខពួក ប្រពន្ធនិងបងប្អូនសាច់ថ្លៃរបស់ជនដៃដល់បានបន្តបន្ទាប់ ។ មិនតែប៉ុណ្ណោះកម្លាំងនគរបាលក៏កំពុងតាមចាប់ជននោះឆ្លងពីខេត្តមួយទៅខេត្តមួយទៀតយ៉ាងប្រកៀកប្រកិតផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់ចាប់ខ្លួនជនដៃដល់បាននៅឡើយ។

ដោយឡែកនៅវេលាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាល១ក្រុមរួមមាន កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នគរបាលខណ្ឌពោធិ៍សែនជ័យ នគរបាលខណ្ឌកំបូល និងនគរបាលប៉ុស្តិ៍រដ្ឋបាលកំបូល ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅធ្វើការពិនិត្យនិងស្រាវជ្រាវផ្ទះមួយកន្លែងលេខB9 ផ្លូវបេតុងបុរីទឹម សាខន ស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមនគរបាលបានប្រាប់ឲ្យដឹងថា ការចុះទៅពិនិត្យផ្ទះរបស់ជនដៃដល់ខាងលើគឺដើម្បីរកវត្ថុតាងផ្សេងៗបន្ថែមទៀតរួមទាំងកាំភ្លើងខ្លីដែលជននោះប្រើប្រាស់ក្នុងការបាញ់ផ្តាច់ជីវិតមន្ត្រីនគរបាលរងគ្រោះ ក្រែងលោជនសង្ស័យលាក់ទុកនៅក្នុងផ្ទះមួយនេះ ។ ប៉ុន្តែក្រោយពេលទៅដល់ធ្វើការពិនិត្យជាក់ស្តែងគឺផ្ទះរបស់ជនសង្ស័យនេះបានចាក់សោរទុកចោលគ្មានមនុស្សនៅឡើយ ហើយក៏ឆែកមិនឃើញអ្វីដែរ ទើបពេលនោះគណៈកម្មការចម្រុះក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញាអមអយ្យការសាលាដំបូង រាជធានីភ្នំពេញសម្រេចឃ្លុមបេចាក់សោរផ្ទះទុករួចប្រគល់ទៅឲ្យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃ្លាំមើលបន្តទៀត បើមានអ្វីប្លែកត្រូវរាយការណ៍ជូនថ្នាក់លើភ្លាមដើម្បីមានចំណាត់ការបន្តទៀត។សូមរម្លឹកផងដែរថា កាលពីម៉ោង១២និង៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខផ្ទះសំណាក់យីហោ«សាំងហ័រទៀន» ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបាញ់ប្រហារនាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បណ្តាលឱ្យបាត់បង់ជីវិត ដែលបង្កឡើងដោយជនដៃដល់មានគ្នា២នាក់ផ្ដើមចេញពីរឿងគ្រោះថ្នាក់ចរាចរណ៍។

ដោយក្រុមឃាតករបើករថយន្តម៉ាកLexus RX-300 ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខសៀមរាប 2A-4546 បុកពីក្រោយរថយន្តម៉ាក FORD Raptor F-150 ពណ៌ស ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BD-3738 របស់ជនរងគ្រោះបណ្ដាលឲ្យរងការខូចខាត ហើយប្រុងគេចខ្លួនតែត្រូវជនរងគ្រោះដកកាំភ្លើងភ្ជង់ឲ្យឈប់ ។ក្រោយមកពេលដែលជនរងគ្រោះភ្លេចខ្លួនក៏ត្រូវជនដៃដល់ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ រួចគេចខ្លួនបាត់តែម្ដង។តាមប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះរ៉េត ស៊ីណែត ហៅញ៉ក់ អាយុ៣៩ឆ្នាំ ជាមន្ត្រីនគរបាលមានឋានន្តរស័ក្ដិវរសេនីយ៍ទោ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៦៩ ផ្លូវលេខ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានជនដៃដល់ខាងលើបានបាញ់ត្រូវខ្នង៣គ្រាប់និងថ្ងាស១គ្រាប់ ហើយបានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ បន្ទាប់មកនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនដៃដល់។

លុះដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ទើបសហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ដែលជាអ្នកបើករថយន្ត នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថាបន្ទាប់មកកម្លាំងនគរបាលបានតាមចាប់ជនដៃដល់បន្តទៀត ហើយកាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៤ ខែមករា ជនដៃដល់បានបើករថយន្តចេញពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគីរី ហើយបន្តចូលទៅកាន់ខេត្តមណ្ឌលគីរីហើយពេលទៅដល់ស្រុកកោះ ញែក ជនសង្ស័យ បានបើករថយន្តបំបុក បារ៉ាស់សមត្ថកិច្ច រត់គេចចូលព្រៃបាត់ ។ប៉ុន្តែពេលនោះកម្លាំងបានឃាត់ខ្លួនស្ត្រី២នាក់និងក្មេងម្នាក់ដែលត្រូវជាប្រពន្ធកូននិងប្អូនសាច់ថ្លៃ របស់ ជនសង្ស័យ បានហើយនិងកំពុងបន្តតាមចាប់ខ្លួនជននោះទៀត៕


