ប្រជាពលរដ្ឋ រស់នៅស្រុកអង្គរធំ បានបន្តបិទផ្លូវសាជាថ្មី ជាលើកទី៤ តាំងពីយប់ រហូតដល់ព្រឹក…
ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ រស់នៅស្រុកអង្គរធំ បានបន្តបិទផ្លូវសាជាថ្មី ជាលើកទី៤ តាំងពីយប់ រហូតដល់ព្រឹក មិនឱ្យរថយន្តដឹកថ្ម បើកឆ្លងកាត់ ខណៈ រថយន្តធំៗ ទាំងនោះ បើកបរ បង្កឱ្យមានដីហុយខ្លាំងពេក មិនព្រមស្រោចទឹក ហាក់បីដូចជា ការសម្របសម្រួលរបបស់អាជ្ញាធរស្រុក ៣លើកមកហើយ គ្មានប្រសិទ្ធភាព ចំពោះក្រុមហ៊ុនដឹកថ្មទាំងនោះឡើយ។លុះព្រឹកឡើង គេឃើញវត្តមានអភិបាលស្រុក ចុះសម្របសម្រួល ទើបប្រជាពលរដ្ឋ យល់ព្រម បើកផ្លូវវិញ។

ប្រជាពលរដ្ឋ បានបិទផ្លូវ ជាលើកទី៤នេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ នៅភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។សមត្ថកិច្ចស្រុកអង្គរធំ បានប្រាប់ថា ករណីនេះ គឺមានប្រជាពលរដ្ឋ ជាង ៥០នាក់ ធ្វើសកម្មភាព បន្តបិទផ្លូវ មិនឱ្យរថយន្តដឹកថ្ម ធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវបាន។ មូលហេតុ ដោយសារតែដីហុយខ្លាំងពេក ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។

ទោះជាយ៉ាងណា ខណៈកំពុងបិទផ្លូវ ក៏គេសង្កេតឃើញ លោក ឡុង រដ្ឋារក្ស អភិបាលស្រុក ចុះទៅអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដើម្បីបានធ្វើចរាចរណ៍ផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋ មិនយល់ស្របឡើយ រង់ចាំរថយន្តក្រុមហ៊ុន មកស្រោចទឹកជាមុនសិន ទើបបើកផ្លូវ។

ជុំវិញករណីពលរដ្ឋបិទផ្លូវនោះដែរ លោកអភិបាលស្រុកអង្គរធំ បានប្រាប់ភ្នាក់ងារកោះសន្តិភាពតាមទូរស័ព្ទ នៅវេលាម៉ោង ៨យប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១នេះថា ចំពោះពលរដ្ឋ បិទផ្លូវតាំងពីយប់ មានការបើកផ្លូវម្តង ដល់ពេលព្រឹកឡើងថ្ងៃទី៣មករា បិទផ្លូវម្តងទៀត ខណៈពេលនោះ មានសមត្ថកិច្ចនគរបាលស្រុក និងមន្ត្រីរបស់សាលាស្រុក បានរាយការណ៍មកលោក ទើបព្រឹកឡើង លោកបានចុះទៅសម្របសម្រួល ខ្លាចមានហឹង្សាទៅវិញទៅមក។

លោកបានបន្ថែមថា ក្នុងការសម្របសម្រួលនោះ មានការចូលរួមពីមន្ត្រីសាធារណៈការ និងដឹកជញ្ជូន ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចនគរបាលចម្រុះ និងក្រុមហ៊ុនទាំង៥ បានឯកភាពគ្នារកឡានដឹកទឹក ដើម្បីស្រោចលើដងផ្លូវ កុំឱ្យហ៊ុយដី តាមសំណូម របស់បងប្អូនប្រជាពលរដ្ឋ នូវ ៣ ចំណុចសំខាន់ ដូចជា៖ ១/ សូមឱ្យក្រុមហ៊ុនទាំងអស់ ស្រោចទឹក ក្នុងមួយថ្ងៃ ៣ដង។ ២/ជំរុញឱ្យក្រុមហ៊ុនជួសជុលផ្លូវឱ្យជាបណ្តើរៗ និង ៣/សូមកុំឱ្យបើកបរលឿនពេក ព្រមទាំងក្នុងឡាននីមួយៗមានគ្របកៅស៊ូតង់ផង។

លោកបានសំណូមពរឱ្យខាងមន្ត្រីសាធារណៈការ ជួយលើកស្លាកសញ្ញាបន្ថយល្បឿនផងដែរ។លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង ៥នេះ មានអាជ្ញាប័ណ្ឌ នៅស្រុកអង្គរជុំ មិនមែននៅស្រុកអង្គរធំទេ ហើយប្រជាពលរដ្ឋ នៅក្នុងស្រុកអង្គរធំទាំងអស់ បានសម្តែងនូវការមិនពេញចិត្ត ដោយសារហុយដីខ្លាំងពេក។ ការចេញអាជ្ញាប័ណ្ឌនោះ មិនមែនស្រុក ជាអ្នកចេញទេ គឺខាងមន្ទីររ៉ែ និងថាមពល ជាអ្នកចេញ។ ចំណែកខាងស្រុក បានត្រឹមតែសម្របសម្រួល មិនឱ្យបងប្អូនឈ្លោះគ្នា ឬប្រើហឹង្សាដាក់គ្នា ទៅវិញទៅមកប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុនកិនថ្មទាំងអស់ មាន ៥ នោះ គឺ ៖ ទី១/លោក អ៊ុក ដា លី តំណាងឱ្យក្រុម ហ៊ុន ស៊ុន សាន (ជាង១០ឆ្នាំ) ។ ទី២/លោក ជា ចាន់ ណា តំណាងឱ្យក្រុមហ៊ុន ហុងយ័ង បើកបានរយៈពេល១០ឆ្នាំ ។ ទី៣/លោក នួន នៅវីរៈវុធ តំណាងឱ្យក្រុមហ៊ុន អង្គរថ្ម ផ្លែន ជាង១០ឆ្នាំ និង ទី៤/លោក ប៉ោ គឹមលី តំណាងក្រុមហ៊ុនសំណាងថ្មី (ជាង១០ឆ្នាំ) ។ទី៥/លោក សួន សុភាព (ម៉ីង) នាយកផ្នែកលក់ តំណាងឱ្យក្រុមហ៊ុន ជាន ចុង វ៉ាង ចៅ របស់ ឯក ជន ទើបបើកបានរយៈពេល១២ថ្ងៃគត់ ដែលជាកូនពៅ។
ក្រុមហ៊ុនទាំងនោះ មាននៅក្នុងមូលដ្ឋាន ស្រុកអង្គរជុំ ក្នុងភូមិសាស្ត្រឃុំគោគដូង ហើយក្រុមហ៊ុនទាំងនោះ ប្រកបមុខរបររកស៊ីបើកអាជីវកម្មដឹកថ្ម ទាំងអស់នោះ ខ្លះមានដល់ជាង ១០ឆ្នាំក៏មាន។

ក្រោយការសម្រុះសម្រួល ត្រូវបានបញ្ចប់ ប្រជាពលរដ្ឋបានបើកផ្លូវឱ្យមានរថយន្តធំៗ ធ្វើចរាចរណ៍ឡើងវិញធម្មតា ហើយប្រសិននៅមិនព្រមធ្វើតាមកិច្ចសន្យានោះទេ បងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកអង្គរធំ នឹងនាំគ្នាបិទបន្តរហូត។
ពលរដ្ឋក្នុងស្រុកអង្គរធំ បានសម្តែងនូវការមិនពេញចិត្ត ចំពោះអាជ្ញាធរស្រុក ក៏ដូចជា មន្ទីររ៉ែនិងថាមពលខេត្ត ក្នុងការបិទផ្លូវនេះ មិនមែនជាលើកទី១ ទេ។ ពោលគឺនេះជាលើកទី៤ ហើយដោយកន្លងទៅ ក្រុមប្រជាពលរដ្ឋ ក៏បាននាំគ្នាបិទផ្លូវ ដើម្បីឱ្យក្រុមហ៊ុនដឹកជញ្ជូនថ្ម បើកបរបន្ថយល្បឿន ស្រោចទឹកផ្លូវ និងជួសជុលផ្លូវផងដែរ។ ក៏ប៉ុន្តែការសន្យារបស់តំណាងក្រុមហ៊ុន និងអាជ្ញាធរស្រុក ហាក់មិនមានប្រសិទ្ធភាព ទើបពួកគាត់ នាំគ្នាបិទផ្លូវបន្តទៀត រហូតដល់មានដំណោះស្រាយ តាមកិច្ចសន្យា។ បើមិនដូច្នោះទេ ពួកគាត់នៅតែបន្តបិទផ្លូវទៀត៕



