រដ្ឋបាលខេត្តក្រចេះ បន្តចុះផ្សព្វផ្សាយពីនីតិវិធី នៃការទទួលបានប័ណ្ណកម្មសិទ្ធដីសម្បទានសង្គមកិច្ច …
ខេត្តក្រចេះ៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតដី ដោយបានបង្កើតឡើងនៅគម្រោង LASED។

តាមរយៈគម្រោង LASED ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ (IDA-WB) ត្រូវអនុវត្តន៍រយៈពេល ០៥ឆ្នាំ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែធ្នូ ឆ្នាំ២០២១ ក្រោមកញ្ចប់ថវិកាសរុប២៦,៨៦ លានដុល្លារអាមេរិក។ ក្នុងនោះ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានចំនួនប្រមាណជា ១,៨០ លានដុល្លារអាមេរិក គឺដើម្បីផ្តល់នូវបំនិន ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចេះដាំដុះប្រកបរបរកសិកម្មដោយជំនាញ និងបច្ចេកទេសសមស្រប ។

ជាក់ស្ដែង រដ្ឋបាលខេត្តក្រចេះ បានបន្តចុះជួបសំណេះសំណាល និងណែនាំពីនិតិវិធី និងលក្ខខ័ណ្ឌក្នុងការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ ជូនដល់សម្បទានិកនៅដីសម្បទានសង្គមកិច្ច នៅឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

តាមការបញ្ជាក់ពីលោក ចេង គឹមជប់ អនុប្រធានគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II)ថ្នាក់ខេត្ត បានឲ្យដឹងថា ដំណើរចុះផ្សព្វផ្សាយនេះ ក្នុងគោលបំណងសំខាន់ៗ រួមមាន – ជម្រុញការចូលតាំងលំនៅឋានរបស់សម្បទានិក និងការដាំដុះដំណាំ និងបង្កើនការប្រើប្រាស់ដីដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធជូនសម្បទានិក ។ ដីសម្បទានសង្គមកិច្ច ឃុំដារ មានសម្បទានិកទទួលបានដីចំនួន ៤០២ គ្រួសារ ។ ហើយបច្ចុប្បន្ន សម្បទានិកបានចូលតាំងទីលំនៅ និងប្រើប្រាស់ដីកសិកម្មសរុបចំនួន ៣១១ គ្រួសារ លើ៤០២ គ្រួសារ ស្មើនឹង៧៧,៣៦% .។

លោកបន្តថា ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ទៅតាមលក្ខខណ្ឌ ក្នុងនោះបងប្អូនសម្បទាននិក ត្រូវធ្វើដាំដុះនិងសាងសង់លំនៅឋានសម្រាប់ស្នាក់នៅជាអចិន្រ្តិយ៍នៅលើដីលំនៅឋាន ដោយមានដាំដំណាំបន្ថែ ដំណាំហូបផ្លែ ផ្ទះត្រូវមានរបង និងមានការចិញ្ចឹមសត្វជាដើម ដោយឡែកសម្រាប់ដីកសិកម្ម បងប្អូនសម្បទានិកត្រូវបង្ករបង្កើនផល ដាំំដំណាំកសិកម្មផ្សេងៗឱ្យបានទៀងទាត់ និងត្រូវប្រើប្រាស់ដីកសិកម្មឱ្យបានពេញលេញ ។

បច្ចុប្បន្ននេះ ចំនួនគ្រួសារសម្បទានិក ដែលប្រើប្រាស់ដីមិនទាន់គ្រប់លក្ខខណ្ឌត្រូវបានប័ណ្ណកម្មសិទ្ធិ នៅឃុំដារមានចំនួន ១៤៩ គ្រួសារ។ ទោះជាយ៉ាងនេះក្តី លោកនៅតែបន្តជម្រុញ ចំពោះបងប្អូនសម្បទានិកដែលទើបចូលមកឈួសឆាយ និងសម្អាតដីដើម្បីសាងសង់លំនៅឋាន និងធ្វើកសិកម្ម ត្រូវរួសរាន់ទៅធ្វើកិច្ចសន្យាចូលមកស្នាក់នៅនិងប្រើប្រាស់ដីនៅសាលាឃុំដារ ដើម្បីធានាថា បងប្អូនសម្បទានិកចូលប្រើប្រាស់ដីទាំងនោះវិញពិតប្រាកដមែន៕



