អ្នកច្បារអំពៅ៣នាក់ទៀត និង អ្នកចាក់អង្រែលើម្នាក់ បានឆ្លងជំងឺកូវីដ-១៩…
ភ្នំពេញ៖ក្រសួងសុខាភិបាល ប្រកាសថា មនុស្ស៣នាក់ ស្នាក់នៅក្នុងបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និង ម្នាក់ទៀត ជាអ្នកស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ដែលពេលនេះ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ។

នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ។

អ្នកជំងឺ៣នាក់ ដែលស្នាក់នៅក្នុងបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រួមមាន ៖ បុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំ , ស្ត្រីជនជាតិខ្មែរ អាយុ៣២ឆ្នាំ និង កុមារាជនជាតិខ្មែរ អាយុ៣ឆ្នាំ ។ ចំណែកម្នាក់ទៀត ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គឺ ជាបុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ។

ក្រសួងសុខាភិបាល បន្តថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់សរុបក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានចំនួន ៩.៧៩៣នាក់ ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៣នាក់ ៕
