បុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ក្នុងថ្ងៃ ខួបកំណើត…..
ខណ្ឌមានជ័យ៖ គួរឲ្យរន្ធត់ណាស់ បុរសម្នាក់ បានស្លាប់ និង ៣នាក់ទៀត រងរបួស ដោយសារ រថយន្តទំនើបលុចស៊ីស GS300 បើកលឿនពេក ផ្ទុះបែកកង់មុខ រេចង្កូតទៅបុកបង្គោលភ្លើង បាក់អស់មួយដើម កាលពីវេលាម៉ោង ០០និង២០
នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនដំបូងគេឃើញ រថយន្តទំនើប LEXUS GS300 ពាក់ស្លាកលេខ ភ្នំពេញ 2BC-6479 បើកបរដោយ បុរសនារី ៤នាក់ តាមផ្លូវ ៦០ម៉ែត្រ ក្នុងល្បឿនលឿន មកដល់ ជិតផ្លូវបេតុង ក្រោយផ្សារក្រមួន ស្រាប់តែ ផ្ទុះបែកកង់មុខ ឲ្យរេចង្កូត ទៅបុក បង្គោលភ្លើង បំភ្លឺផ្លូវ ពេញទំហឹង ក្រឡាប់ ជាច្រើនត្រលប់ បណ្ដាលឲ្យ មនុស្សរងរបួសធ្ងន់ ស្រាល ៣នាក់ និងស្លាប់បុរសម្នាក់។

រថយន្តនេះ ទើបទិញថ្មី ខូចខាត ៨០% បើកបរដោយ ឈ្មោះ ឈួន គឹមហ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅ ភូមិព្រែកហូ សង្កាត់ ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល របួសធម្យម និងអ្នករួមដំណើរ ១-ឈ្មោះ ឆេងណារ៉ូ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅ ភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល ស្លាប់នៅ កន្លែងកើតហេតុ។ ២-ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ២៣ ឆ្នាំ មិនស្គាល់ ទីលំនៅ បាក់ដៃស្តាំ និង៣-ឈ្មោះ លីន ភេទស្រី អាយុ ២៣ឆ្នាំ មិនស្គាល់ទីលំនៅ រងរបួសស្រាល។ ពួកគេ ទើបចេញពី កម្មវិធីផឹកស៊ី ដោយអ្នកស្លាប់ខាងលើ មានខួបកំណើត ចំថ្ងៃកើតហេតុ ផងដែរ។




