ស្ត្រីម្នាក់ឈឺពោះឆ្លងពាក់កណ្តាលផ្លូវខណៈពេលដែលប្អូនប្រុសដឹកតាមម៉ូតូមកមណ្ឌលសុខភាពស្រុក…
ខេត្តរតនគិរីស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេប្រសូតបានទារិកាម្នាក់តាមផ្លូវខណៈពេលដែលប្អូនប្រុសដឹកតាមម៉ូតូមកមណ្ឌលសុខភាពស្រុកលុះ ជិះបានពាក់កណ្ដាលផ្លូវក៏ឈឺពោះខ្លាំងរួចសម្រាលកូនតែម្ដង ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ៩ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ២៦ ខែតុលា ឆ្នាំ ២០២០ ត្រង់ចំណុចភូមិប៉ក់ធំឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ។

បើតាមលោកវរសេនីយ៍ឯកសូយសំណាងអធិការនគរបាលស្រុកអូរយ៉ាដាវបានឱ្យដឹងថាស្ត្រីឆ្លងទន្លេខាងលើមានឈ្មោះទូចសុខខឿនអាយុ ៣០ ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិឡុំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវមានប្តីឈ្មោះ ស៊ឹ ម បឿន អាយុ៤៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាកម្មករធ្វើ ចំការហើយអ្នកទាំង២នាក់មានកូន ៦ នាក់ក្នុង ស្រី ៤ នាក់ ( ទារិកាចុងក្រោយជាកូនទី៤ក្នុងចំណោមកូនស្រី ) សុទ្ធតែនៅក្នុងបន្ទុក ទាំងអស់ ។

ហើយមានស្រុកកំណើតនៅភូមិជើងទឹកឃុំអូរលាវស្រុកកំពង់លាវខេត្តព្រៃវែងលុះក្រោយមកក៏មករស់នៅភូមិឡុំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវវិញ ។

លោកបន្តថាពេលស្ត្រីខាងលើឈឺពោះឆ្លងទន្លេនោះក៏ត្រូវបានប្អនប្រុសជិះម៉ូតូដឹកបងស្រីមករកពេទ្យនៅមណ្ឌលសុខភាពលុះពេលមកដល់ បានពាក់កណ្ដាលផ្លូវស្ត្រីមានផ្ទៃពោះរូបនេះក៏ស្រាប់តែឈឺខ្លាំងរួចក៏សម្រាលកូនតាមផ្លូវតែម្ដង ។

ប្រភពដដែលបន្តថាខណៈពេលនោះក្រោយពីលោកទទួលបានដំណឹងភ្លាមក៏ដឹកនាំកម្លាំងវេនប្រចាំបញ្ជាទី ១ សហការជាមួយកម្លាំងប៉ុស្តិ៍ប៉ក់ ញ៉ៃយករថយន្តសង្គ្រោះមកដឹកស្ត្រីឆ្លងទន្លេមកមណ្ឌលសុខភាពទាន់ពេលវេលាប្រកបដោយសុវត្ថិភាពផងដែរខណៈពេលនេះស្ត្រីរូបនេះ កំពុងស្ថិតនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ។

គួរបញ្ជាក់ថានៅក្នុងស្រុកអូរយ៉ាដាវនេះមាន៧ឃុំស្មើ២៩ភូមិហើយប្រជាពលរដ្ឋត្រូវបានកងកម្លាំងនគរបាលស្រុកតែងតែជួយសេវាដឹកជញ្ជូន ទៅមកមណ្ឌលសុខភាពឬទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវនិងបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីតែម្តង ។

ពេលខ្លះក្នុង១ថ្ងៃស្ត្រីឈឺពោះឆ្លងទន្លេមាន៣នាក់ក៏មានហេតុនេះហើយទើបតែរយៈពេល២ឆ្នាំនេះអធិការដ្ឋានមានសេវាជួយដឹកស្ត្រីឈឺពោះ ឆ្លងទន្លេហើយនឹងអ្នកជំងឺតាមបណ្តាភូមិ ឃុំ ក្នុងស្រុក ទាំងមូលបែបនេះ ។ ចំណែកឯប្រជាពលរដ្ឋដែលគាត់គ្មានប័ណ្ណក្រីក្រវិញខាងអធិការដ្ឋានក៏ជាអ្នកចេញសេវាពេទ្យជូនពួកគាត់ទៀតផង ៕
