នគរបាលខេត្តកណ្តាលឆ្លើយតប ពលរដ្ឋដែលព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពើ នៅភូមិព្រែកសំរោង៣ ដោយសារមានការលិចទឹកខ្លាំង…
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូន បណ្តាញផ្សាយព័ត៌មានវិទ្យុ ក្នុងស្រុកដែលបានផ្សព្វផ្សាយ មានខ្លឹមសារថា «ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងចំពោះអាងចិញ្ចឹមក្រពើមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង3 ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយសារមានការលិចទឹកខ្លាំង»។

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកអធិការនគរបាលក្រុងតាខ្មៅបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ សហការជាមួយក្រុមប្រឹក្សា និងលោកមេភូមិព្រែកសំរោង៣ ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើដែលប្រជាពលរដ្ឋមានការព្រួយបារម្ភ រួចពិនិត្យឃើញថា នៅជុំវិញនៃទីតាំងមានរបងព័ទ្ធជុំវិញមានកំពស់៣ម៉ែត្រ ហើយក្នុងអាងចិញ្ចឹមក្រពើមានរៀបឥដ្ឋមានកំពស់៣,៥ម៉ែត្រដែលមិនអាចឱ្យសត្វក្រពើចេញរួចបានឡើយ។






បន្ទាប់មកសមត្ថកិច្ចបានណែនាំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងឈ្មោះ ឡុច ប៊ុនថេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ឱ្យមានការប្រប្រយ័ត្នខ្ពស់ការពារកុំឱ្យសត្វក្រពើចេញរួចពីបរិវេណដែលខ្លួនចិញ្ចឹមជាដាច់ខាត និងត្រូវរាយការណ៍ជាប្រចាំមកសមត្ថកិច្ចមូលដ្ឋានបើមានសភាពការណ៍ផ្សេងៗកើតឡើងពេលជំនន់ទឹកភ្លៀងកើនឡើង៕
