ក្រុមហ៊ុនអាមេរិកបានបង្កើនការលក់នៅកម្ពុជា ខណៈកម្លាំងទិញរបស់ពលរដ្ឋមានការកើនទ្បើង…

រាជធានីភ្នំពេញ ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍(CDC) បានសម្តែងការសាទរដល់ក្រុមហ៊ុនអាមេរិកនានាដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលកម្លាំងទិញរបស់ប្រជាពលរដ្ឋកម្ពុជាមានការកើនទ្បើង តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលកន្លងមក ។

នេះបើយោងតាម CDC ឱ្យដឹងនៅក្នុងការពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថ្មីៗនេះ ។លោកបានសង្កត់ធ្ងន់ថា «បើទោះបីជំងឺកូវីឌ-១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យជាច្រើនក្នុងសេដ្ឋកិច្ច តែវាបានបង្កើតឱកាសដល់ក្រុមហ៊ុនអាមេរិកដែលផ្តល់សេវាកម្មអនឡាញ ដូចជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ។

រាជរដ្ឋាភិបាល ជាពិសេសក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីធុរកិច្ចតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលនឹងទាក់ទាញការវិនិយោគពីបរទេស ជាពិសេស ការវិនិយោគពីក្រុមហ៊ុនអាមេរិកបន្ថែមទៀត ដែលនឹងពុំគ្រាន់តែនាំមកនូវទុនវិនិយោគប៉ុណ្ណោះទេ តែក៏នឹងនាំមកនូវបច្ចេកវិទ្យា» ។
លោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានបានលើកឡើង ថា «កំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលបានកើនឡើងប្រមាណ ១៧% បើធៀបនឹងឆ្នាំ២០១៩ ។ជាមួយនឹងការបន្តផ្តល់កិច្ចសហការដ៏ល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការជួយសម្របសម្រួលឆ្លើយតបនូវក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគអាមេរិក លោកប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានសុទិដ្ឋិយមថាអ្នកវិនិយោគអាមេរិកនឹងមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជានាថ្ងៃអនាគត»។

ពាក់ព័ន្ធនិងកិច្ចសហប្រតិបត្តិការនិងការវិនិយោគរវាងកម្ពុជា-សហរដ្ឋអាមេរិក បើតាមលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមានប្រសាសន៍ថា បើយើងក្រឡេកមើលល្បឿននៃការចម្រើនឡើង នៃទំនាក់ទំនងនេះ វាគួរឲ្យកត់សម្គាល់។គ្រាន់តែកាលពី ២០ ឆ្នាំមុនសោះ ពាណិជ្ជកម្មទ្វេភាគីមានបរិមាណ ៨៥០ លានដុល្លារអាមេរិក ។ គ្រាន់តែ កាលពីឆ្នាំទៅ វាបានឡើងដល់ ៥,៩ ពាន់លានដុល្លារអាមេរិកពោល គឺកើន៧ដង ។ លោកលើកឡើងថា«ការធ្វើពាណិជ្ជកម្ម ពិសេសលទ្ធភាពចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំមកនេះ ។ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ ៥,៤ ពាន់លានដុល្លារអាមេរិក ។

ទោះបីជាពេលនេះ មានមេរោគរាតត្បាតជាសាកលក្តី ក៏ការនាំចេញមានកំណើនចំនួន ២៣ភាគរយដែរ ក្នុងឆ្នាំ ២០២០ ។ ការនាំចេញនេះជួយឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់មានការងារធ្វើ រាប់ពីការងារតាមរោងចក្រ នៅក្រុងព្រះសីហនុ និងក្រុងបាវិត ដល់កសិករ នៅខេត្តបាត់ដំបង និងកំពង់ចាម ដល់អ្នកជំនាញព័ត៌មាន បច្ចេកវិទ្យា នៅភ្នំពេញ។ ការនាំចេញ ទាំងនេះមានចំណែកយ៉ាងសំខាន់ ក្នុងកំណើនសេដ្ឋកិច្ចដ៏ច្រើន របស់កម្ពុជា»។

បើតាមលោក W. Patrick Murphyឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាការនាំចេញរបស់កម្ពុជាថែមទាំងផ្តល់ការចំណេញដល់អតិថិជនអាមេរិកផងដែរ ដោយផ្តល់ឲ្យ នូវជម្រើស។ ពេលនេះ មានទំនិញ ពីកម្ពុជានៅក្នុងហាងក្នុងសហរដ្ឋអាមេរិកច្រើនជាងពេលណាទាំងអស់។ ទំនិញទាំង នេះ មានមិនត្រឹមតែសម្លៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះទេ តែថែមទាំងមានផលិតផលកសិកម្មដែលបានទទួលរង្វាន់ ដូចជាម្រេចកំពត និងអង្ករកម្ពុជា។ លើសពីនេះទៀត លោកអ្នកអាចឃើញមានទំនិញសម្រាប់ការធ្វើដំណើរដែលធ្វើ នៅកម្ពុជា មានលក់ កាន់តែច្រើនឡើង នៅក្នុងសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram