គណៈកម្មការទន្លេមេគង្គព្រួយបារម្ភត្រីក្នុងបឹងទន្លេសាបធ្លាក់ចុះគំរាមកំហែងដល់សន្តិសុខស្បៀង…

រាជធានីភ្នំពេញ ៖ ទឹកក្នុងបឹងទន្លេសាបតិច ហើយអូសបន្លាយពេលយូរអាចធ្វើឲ្យការបន្តពូជត្រីថយចុះ ដោយសារការបាត់បង់នូវតំបន់លូតលាស់នានា ដែលប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកដទៃទៀត ។ នេះជាការព្រួយបារម្ភរបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដែលមានមូលដ្ឋាននៅក្នុងប្រទេសឡាវ ។


ជាមួយគ្នានេះMRថាការធ្លាក់ចុះនៃទិន្នផលត្រីអាចនឹងកើតមានឡើងដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀងសម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុតនៅក្នុងតំបន់ ។
ក្នុងសេចក្តីប្រកាសព័ត៌មានពីទីក្រុងវៀងចន្ទ ប្រទេសឡាវថ្មីៗនេះគណៈកម្មការទន្លេមេគង្គថា បរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតីដែលបង្កដោយបាតុភូតអាកាសធាតុអែល នីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរ ដែលបន្តអូសបន្លាយចាប់ពីឆ្នាំ២០១៩ មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ ។

លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះ «ស្ថានភាពស្ងួតខ្លាំង» ដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រា គិតចាប់ពីឆ្នាំ១៩៩៧ មក ។គណៈកម្មការទន្លេមេគង្គថា លំហូរទាបនាពេលបច្ចុប្បន្នអាចនឹងជះឥទ្ធិពលធ្ងន់ធ្ងរលើប្រទេសកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផល និងធារាសាស្ត្រ ។ ប្រទេសវៀតណាម អាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវលើដីសណ្ត ហើយផលិតផលកសិកម្មក្នុងប្រទេសឡាវ និងថៃ ក៏អាចនឹងរងផលប៉ះពាល់ផងដែរ ។របាយការណ៍បន្ថែមថា អតុល្យភាពបែបអេកូឡូស៊ីអាចនឹងកើតមានដោយសារបម្រែបម្រួលខ្លាំងនៃការកំណត់ពេលថិរៈវេលា និងវិសាលភាពនៃការជន់លិចក្នុងបឹងទន្លេសាប និងតំបន់លិចទឹកជុំវិញបឹងនេះ។

បណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានលើកឡងថា «យើងអំពាវនាវឲ្យប្រទេសតាមដងទន្លេមេគង្គទាំង ៦ បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាម៉ីប្រទេស ជាមួយនឹង MRC ឲ្យបានរហ័ស និងប្រកបដោយតម្លាភាព ។ វាដល់ពេលហើយ ដែលប្រទេសទាំងអស់ ត្រូវអនុវត្តនូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បី ប្រយោជន៍រួមសម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់» ។គណៈកម្មការទន្លេមេគង្គថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ និងមានផលិតភាពខ្ពស់បំផុតនៅក្នុងអាស៊ីអគ្នេយ៍ ។ បឹងនេះត្រូវបានចាត់ទុកជាទីជម្រកជីវៈចម្រុះមួយក្នុងពិភពលោក និងជារោងចក្រត្រីដ៏សំខាន់របស់ទន្លេមេគង្គ ។


ជាទូទៅលំហូរត្រឡប់ចូលបឹងពីទន្លេមេគង្គ កើតមានចាប់ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែតុលា ដែលមានរយៈពេល១២០ ថ្ងៃជាមធ្យម ។ ប៉ុន្តែនៅឆ្នាំនេះលំហូរត្រឡប់នៅក្នុងបរិមាណប្រក្រតី នៅមិនទាន់កើតមានទេ បើទោះបីជាមានលំហូរបរិមាណតិចបំផុតពីរដង នៅក្នុងខែកក្កដាក្តី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram