លោក Cannavaro ត្រូវបានតែងតាំងជាគ្រូបង្វឹក ក្លិបលេងនៅលីគទី២ អ៉ីតាលី Benevento

(រ៉ូម)៖ អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី ដែលបានឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០០៦ លោក Fabio Cannavaro នឹងត្រូវដឹកនាំក្លិបមួយ នៅតំបន់អឺរ៉ុបជាលើកដំបូង បន្ទាប់ពីលោកត្រូវបានតែងតាំងជាគ្រូបង្វឹកក្លិប Benevento ដែលលេងនៅលីគលំដាប់ទី២ អ៉ីតាលី Serie B។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

អតីតខ្សែការពារក្លិប Real Madrid, Juventus និង Inter Milan ដែលបានឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ២០០៦ បន្ទាប់ពីបានជួយអ៉ីតាលីលើកពានរង្វាន់ World Cup ក្នុងឆ្នាំនោះ បានចូលនិវត្តន៍ពីការលេងបាល់ទាត់ក្នុងឆ្នាំ២០១១។
Cannavaro ធ្លាប់បានបំពេញការងារជាគ្រូជំនួយនៅក្លិប Al-Ahli មានមូលដ្ឋាននៅប្រទេសអេមីរ៉េតអារ៉ាប់រួម មុនពេលធ្វើជាគ្រូបង្វឹកក្លិបចិន Guangzhou ដែលលេងនៅលីគ Chinese Super League ហើយក្រោយមកធ្វើជាគ្រូបង្វឹកនៅក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីត។ លោកក៏ធ្លាប់ធ្វើជាគ្រូបង្វឹករយៈពេលខ្លី នៃក្រុមជម្រើសជាតិចិនកាលពីឆ្នាំ២០១៩ ផងដែរ។
ក្លិប Benevento ដែលបានកាត់ចេញពីលីគកំពូល Serie A ក្នុងរដូវកាល២០២០-២១ នោះ បច្ចុប្បន្នកំពុងស្ថិតនៅលំដាប់ទី១៣ ក្នុងលីគលំដាប់ទី២ ហើយបានប្រកាសពីការតែងតាំងបុរសវ័យ ៤៩ឆ្នាំរូបនេះតាមរយៈ Twitter៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram