សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រគល់ម៉ាសសុខាភិបាលដល់ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា…


(ភ្នំពេញ) : សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានប្រគល់ម៉ាសសុខាភិបាល ប្រមាណ១៨ម៉ឺនម៉ាស ជូនដល់ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ប្រើប្រាស់និងចែកជូនពលរដ្ឋប្រើប្រាស់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

ពិធីប្រគល់និងទទួលម៉ាស ប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា តាមរយៈ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

តាមរយៈ ឯកឧត្តមនាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានសម្តែងការកោតសរសើរចំពោះពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធទំាងអស់ ដែលបានលះបង់កម្លំាងកាយ ចិត្តនិងស្មារតី ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងគ្រាលំបាកនេះ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ឯកឧត្តម កែវ ពិសិដ្ឋ បានលើកឡើងថា សម្តេចប្រធានរដ្ឋសភា តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នៅក្នុងនោះសម្តេចតែងតែចុះអប់រំ ណែនាំពលរដ្ឋឲ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបានជំរុញលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ចុះចែកម៉ាស់ អាកុល ឬជែលលាងដៃ រួមនិងសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជាប្រចំា។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញវិធានការអន្តរាគមន៍របស់រដ្ឋាភិបាលបន្តបន្ទាប់នាពេលកន្លងមក មានវិធានការការពារសុខភាពពលរដ្ឋ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ពីផលប៉ះពាល់ដោយសារកូវីដ១៩ ដូចជាការផ្តល់បញ្ចប់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ ទេសចរណ៍និងវិស័យផ្សេងៗទៀត ដែលបានព្យួរការងារដោយសារជំងឺកូវីដ១៩ ជាពិសេសការផ្តល់សាច់ប្រាក់ឧបត្ថម្ភ ពលរដ្ឋក្រីក្រ ប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទំាងប្រទេស នៅក្នុងជុំទី១នេះ គិតមកដល់ពេលនេះពលរដ្ឋទំាងអស់នោះបានទទូលប្រាក់ឧបត្ថម្ភសឹងគ្រប់ក្រុមគ្រួសារហើយ ក្នុងនោះរដ្ឋបានចំណាយថវិកាប្រមាណជា២២លានដុល្លាររួចមកហើយដែរ។

សម្តេចប្រធានរដ្ឋសភា មានជំនឿយ៉ាងមុតមាំថា ម៉ាស ដែលសម្តេចប្រគល់ជូនក្រសួងសុខាភិបាលនិងមន្ទីរពេទ្យគន្ធបុប្ផា នាឱកាសនេះ នឹងបានជាប្រយោជន៍ដល់សកម្មភាពការងារការទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩នៅកម្ពុជា រីករាលដាលខ្លំាងជាងនេះ បង្កគ្រោះភ័យដល់សុខភាពពលរដ្ឋខ្មែរបន្តទៀតទេ។

តាមរយៈ ឯកឧត្តម កែវ ពិសិដ្ឋ សម្តេចអគ្គមហាពញាចក្រី សំរិន បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការការពារ ដែលក្រសួងសុខាភិបាលបានដាក់ចេញឲ្យបានខ្ជាប់ខ្ជួន ដូចជាការពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃនិងសាប៊ូ អាកុល រក្សាគម្លាតសង្គម ដើម្បីធ្វើឲ្យយ៉ាងណាកុំឲ្យឆ្លងជំងឺកូវីដ១៩ មកដល់ខ្លួន ដល់ក្រុមគ្រួសារខ្លួន និងសហគមន៍ខ្លួន។

សូមជម្រាបថា នៅក្នុងពិធីប្រគល់និងទទួលម៉ាសដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មានការចូលរួមពីសំណាក់ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនិងសហការី តំណាងមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ៕


Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram