វិភាគអន្តរជាតិ៖ តើកូរ៉េខាងជើង នឹងបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ក្នុងសង្រ្គាមអ៊ុយក្រែន?

(វ៉ាស៊ីនតោន)៖ នៅក្នុងសប្ដាហ៍នេះមានព័ត៌មានដ៏ភ្ញាក់ផ្អើលមួយ នោះគឺកូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាមានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត ១០០,០០០នាក់ ដើម្បីឱ្យទៅ ជួយរុស្ស៉ីច្បាំងយកជ័យជម្នះនៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន គាំទ្រដោយលោកខាងលិច។ ព័ត៌មាននេះត្រូវបានដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី Channel One Russia ដែលបានធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើសម្ដីអ្នកជំនាញខាងយោធារុស្ស៉ីម្នាក់ គឺលោក អ៉ីហ្គ័រ កូរ៉ុតឈិនកូ (Igor Korotchenko)។


«មានសេចក្ដីរាយការណ៍មួយចំនួនថាកងទ័ពស្ម័គ្រចិត្តកូរ៉េខាងជើង ១០០,០០០នាក់ កំពុងត្រៀមខ្លួនធ្វើដំណើរមក (រុស្ស៉ី) និងចូលរួមក្នុងជម្លោះ…ហើយប្រសិនបើកូរ៉េខាងជើង បង្ហាញពីឆន្ទៈដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងជាមួយហ្វាស៊ីសអ៊ុយក្រែន នោះយើងគួរតែអនុញ្ញាតឱ្យពួកគេធ្វើវាចុះ»។ នេះជាការគូសបញ្ជាក់ របស់លោក អ៉ីហ្គ័រ កូរ៉ុតឈិនកូ។
កាលពីថ្ងៃទី១៣ ខែកក្កដាកន្លងទៅ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានពង្រឹងទំនាក់ទំនងឡើងមួយកម្រិតជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន តាមរយៈ ការប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួន ២គាំទ្រដោយមូស្គូ នៅភាគខាងកើតអ៊ុយក្រែន រួមមានសាធារណរដ្ឋប្រមាជានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត ជា «រដ្ឋឯករាជ្យ» ហើយការប្រកាសនេះបានធ្វើឱ្យកូរ៉េខាងជើងក្លាយជាប្រទេសទី៣ ដែលទទួលស្គាល់ឯករាជ្យភាពនៃតំបន់ផ្ដាច់ខ្លួនទាំង២នេះបន្ទាប់ពីរុស្ស៉ី និងស៊ីរី។ ឆ្លើយតបទៅ នឹងព័ត៌មានខាងលើនេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ចន ឃឺប៊ី (John Kirby) បាននិយាយថាវាបានឆ្លុះបញ្ចំងឱ្យឃើញថារុស្ស៉ីកំពុងរងផលប៉ះពាល់ ធ្ងន់ធ្ងរដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច រីឯលោក ពូទីន កាន់តែឯកោ និងត្រូវបោះដៃទៅរកកូរ៉េខាងជើង។
ទាំងខាងកូរ៉េខាងជើង និងរុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងព័ត៌មានពាក់ព័ន្ធនឹងការបញ្ជូនកងទ័ពនេះទេ។ ប៉ុន្តែ វាកើតឡើងនៅចំពេលដែលរុស្ស៉ីកំពុងត្រូវការជំនួយ ស្រាប់ ហើយទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ក៏កាន់តែមានភាពស្និទ្ធស្នាលខ្លាំងគួរឱ្យកត់សម្គាល់ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក។ ម្យ៉ាងទៀត ក៏គ្មានហេតុផលណាមួយដែលរុស្ស៉ីត្រូវបដិសេធការជួយគាំទ្រពីកូរ៉េខាងជើងនោះដែរ។ កាលពីខែកក្កដាកន្លងទៅ សមាជិកសភាតំណាងរាស្ត្រអាមេរិកមកពីបក្សប្រជាធិបតេយ្យ លោកស្រី អេលីសសា ស្លុតគីន (Elissa Slotkin) បានប្រាប់ទូរទស្សន៍ CNN ថាទាហានរុស្សប្រហែលជា ៧៥,០០០នាក់បានស្លាប់ និងរងរបួសក្នុងសង្រ្គាមអ៊ុយក្រែនដែលធ្វើឱ្យ ទាហានរុស្ស៉ីកាន់តែអស់ខ្យល់។ លើសពីនេះទៅទៀត នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA លោក វីលៀម បឺន (William Burns) កាលពីខែកក្កដាកន្លងទៅ ក៏បានវាយតម្លៃដែរថារុស្ស៉ីបានបាត់បង់ទាហានប្រមាណ ១៥,០០០នាក់ និងជាង ៤៥,០០០នាក់បានរងរបួស។
ដូច្នេះស្របពេលទាហានអ៊ុយក្រែន កំពុងធ្វើការវាយបកលើទាហានរុស្ស៉ីដោយប្រើអាវុធទំនើបៗផ្គត់ផ្គង់ដោយលោកខាងលិច ជាពិសេសគឺប្រព័ន្ធមីស៊ីល HIMARS របស់អាមេរិក នៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន រុស្ស៉ីច្បាស់ណាស់នឹងពិចារណា ឬងាកទៅរកជំនួយពីកូរ៉េខាងជើង ឬក៏សម្ព័ន្ធមិត្តដ៏ទៃដូចជាស៊ីរី និងអ៉ីរ៉ង់ដែល ប្រទេសទាំង២នេះត្រូវបានគេអះអាងថាបានផ្ដល់ការគាំទ្រផ្នែកយោធាដល់រុស្ស៉ីរួចទៅហើយ។ ប៉ុន្តែគេក៏ត្រូវដឹងដែរថាតើកូរ៉េខាងជើងនឹងចំណេញអ្វីពីការបញ្ជូនទ័ព ឬសព្វាវុធ ទៅជួយរុស្ស៉ី? បើតាមមជ្ឈមណ្ឌលសម្រាប់ទំនាក់ទំនងការបរទេស (Council for Foreign Relations) មានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក កូរ៉េខាងជើងជាប្រទេសមានយោធាធំ លំដាប់ទី៤ នៅលើពិភពលោក ដោយមានកងទ័ពសកម្មសរុប ១.៣លាននាក់ និងកងទ័ពបម្រុង ៦០០,០០០នាក់។ កន្លងមក កូរ៉េខាងជើងក៏ធ្លាប់បានបញ្ជូនអាវុធ និងក្រុមអ្នកជំនាញយោធារបស់ខ្លួនឱ្យចូលរួមក្នុងសង្រ្គាមប្រឆាំងលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិកដែរ ដូចជានៅសង្រ្គាមវៀតណាម ជាទីដែលព្យុងយ៉ាងគាំទ្រ វៀតណាមខាងជើង និងសង្រ្គាមស៊ីរី។
លោក ហារី កាហ្ស៉ីយ៉ានីស (Harry J. Kazianis) ដែលជាអ្នកជំនាញម្នាក់ខាងកូរ៉េខាងជើង យល់ថាកូរ៉េខាងជើង នឹងបញ្ជូនកងទ័ពទៅជួយរុស្ស៉ី ប្រសិនបើមានសំណើពី វិមានក្រឹមឡាំងមែននោះ។ សម្រាប់រុស្ស៉ីបើមានជំនួយពីកូរ៉េខាងជើង លោក ពូទីននឹងមិនចាំបាច់ត្រូវកែនកងទ័ពបន្ថែម ដែលអាចនឹងធ្វើឱ្យប្រជាជនរុស្ស៉ីខឹងសម្បារនោះឡើយ រីឯកូរ៉េខាងជើងវិញក៏អាចនឹងទទួលបានការតបស្នងមកវិញពីរុស្ស៉ីដូចគ្នាដែរ។ បានន័យថាកូរ៉េខាងជើងមានឱកាសពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៉ី ដើម្បី កុំឱ្យពឹងផ្អែកតែទៅលើចិនហួសហេតុពេកផង ព្រមទាំងទទួលបានរង្វាន់ជាឧស្ម័ន ប្រេង និងគ្រាប់ធញ្ញជាតិ ហើយកាន់តែពិសេសគឺអាចមានរុស្ស៉ីជាខ្នងបង្អែកដ៏រឹងមាំមួយនៅក្នុង ពេលមានភាពតានតឹង ឬជម្លោះណាមួយជាមួយសហរដ្ឋអាមេរិក ត្រូវផ្ទុះឡើងដោយចៀសមិនរួចនៅពេលអនាគត។

ជាការពិតណាស់ ចិនបានជួយសង្រ្គោះកូរ៉េខាងជើងពីកណ្ដាប់ដៃអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងសង្រ្គាមកូរ៉េ ហើយទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងបានចុះកិច្ចព្រមព្រៀង យោធាមួយដែលគេស្គាល់ថាសិទ្ធិសញ្ញាជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការមិត្តភាព ក្នុងឆ្នាំ១៩៦១។ ប៉ុន្តែ សន្ធិសញ្ញានេះមើលពីខាងក្រៅ មិនមានភាពរឹងមាំដូចជា សន្ធិសញ្ញារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះទេ។ ពោលគឺខណៈកងទ័ពអាមេរិកជាង ២៨,០០០នាក់កំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង កងទ័ពចិនមិនមានវត្តមាន នៅលើទឹកដីកូរ៉េខាងជើងនោះទេ។ ឬអាចនិយាយម្យ៉ាងទៀតថា សន្ធិសញ្ញាចិន-កូរ៉េខាងជើងប្រៀបដូចជាអនុស្សរណៈយោគយល់មួយ ដែលចែងថាប្រសិនបើមានការទទូចស្នើ សុំពីកូរ៉េខាងជើង ទើបចិនធ្វើអន្តរាគមន៍ តែមិនមែនមានន័យថាចិននឹងធ្វើអន្តរាគមន៍ដោយស្វ័យប្រវត្តិទេ។ ម្លោះហើយបើលោក គីម ជុងអ៊ុន ចង់ដេកលក់ស្រួលដោយមិនបារម្ភ កូរ៉េខាងជើង ត្រូវតែមានខ្នងបង្អែកធំមួយទៀត ហើយខ្នងបង្អែកនេះក៏គ្មាននរណាផ្សេងក្រៅពីរុស្ស៉ីដែរ។
សម្រាប់ហេតុផលប្រយោជន៍ផ្ទាល់ខ្លួន បើតាមលោក ហារី នោះគឺការចូលរួមនៅក្នុងសង្រ្គាមអ៊ុយក្រែន វានឹងផ្ដល់ឱកាសឱ្យកងទ័ពកូរ៉េខាងជើង រៀនសូត្រពីយុទ្ធសាស្ត្រសង្រ្គាមទប់ទល់ជាមួយនឹងយុទ្ធសាស្ត្រសង្រ្គាមរបស់សហរដ្ឋអាមេរិក និងណាតូ ហើយក៏អាចធ្វើតេស្ដលើសមត្ថភាពកងទ័ពរបស់ខ្លួន ក៏ដូចជាស្វែងយល់ពីរបៀបដែល អាវុធលោកខាងលិច និងសហរដ្ឋអាមេរិកដំណើរការនៅលើសមរភូមិសង្រ្គាមជាក់ស្ដែងផងដែរ។
អគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសកូរ៉េខាងជើង លោក អាឡិចហ្សាន់ឌឺ ម៉ាត់សេហ្គូរ៉ា (Alexander Matsegora) បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី កាលពីខែកក្កដាថា កូរ៉េខាងជើងជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសមួយចំនួនតូច ដែលអាចអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួនដោយឯករាជ្យ ដោយសូម្បីតែ ចិន រុស្ស៉ី និងសហរដ្ឋអាមេរិក ក៏មិនអាចបង្ខំ ឬបញ្ជាឱ្យប្រទេសឯកោមួយនេះធ្វើ ឬមិនធ្វើរឿងអ្វីមួយឡើយ ហើយទីក្រុងព្យុងយ៉ាងក៏ខ្វល់ដែរពីទណ្ឌកម្មអន្តរជាតិ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram