កម្ពុជា-ចិន រៀបចំកិច្ចប្រជុំថ្នាក់អគ្គលេខាធិការ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមអគ្គលេខាធិការភាគីកម្ពុជា នៃជាមួយសមភាគីចិន លោក អ៊ូ ជៀងហាវ (Wu Jianghao) ឧបការីរដ្ឋមន្រ្តី ក្រសួងការបរទេស ក្នុងនាមអគ្គលេខាធិការភាគីចិន នៃគណ:កម្មាធិការសម្របសម្រួលអន្តរ រដ្ឋាភិបាល កម្ពុជា-ចិន បានជួបប្រជុំពិភាក្សា ការងារតាមប្រព័ន្ធ វីដេអូ (video link) ដើម្បីត្រៀម សម្រាប់កិច្ចប្រជុំពេញអង្គលើកទី ៦ របស់គណ:កម្មាធិការ សម្របសម្រួលអន្តរ រដ្ឋាភិបាល កម្ពុជា-ចិន ដែលនឹងដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។


នាកិច្ចប្រជុំពិភាក្សា ការងារខាងលើ លោក វង្សី វិស្សុត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានថ្លែង អំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់អាទិភាពខ្ពស់ និងយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ក្នុងក្របខ័ណ្ឌផែនការ សកម្មភាពបង្កើត សហគមន៍ វាសនារួមកម្ពុជា-ចិន ដែលបានឯកភាព និងសម្រេចដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រធានាធិបតីចិន ស៊ី ជិនពីង និងដែលបានត្រួតពិនិត្យ ក្នុងកិច្ចប្រជុំ នាពេលកន្លងមក របស់គណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ទោះបីជាកំពុងស្ថិតក្នុងកាល:ទេស: នៃការប្រឈម នឹងវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។
លោក វង្សី វិស្សុត បានគូសរំលឹកឡើងវិញអំពីការងារដែលភាគីទាំងពីរសម្រេចបានកន្លងមក ជាសមិទ្ធផលធំៗ ក្នុងវិស័យដ៏ច្រើន ហើយចុងក្រោយនេះ គឺការជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពិសេសការផ្តល់ វ៉ាក់សាំងដ៏ច្រើន និងទាន់ពេលដល់កម្ពុជា ដែលបានជួយធ្វើឱ្យកម្ពុជា អាចគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ បានល្អប្រសើរដូចសព្វថ្ងៃនេះ។
កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរនាពេលកន្លងមក បានបង្ហាញឲ្យឃើញយ៉ាងប្រត្យក្ស នូវមិត្តភាពជាដែកថែប ក្រោមសហគមន៍វាសនារួម និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ដែលបានរីកចំរើន និងឈានឡើងឥតឈប់ឈរ ព្រមទាំងបានរួមចំណែក ក្នុងការជំរុញទំនាក់ទំនងស៊ីជម្រៅ សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសទាំងពីរ ក៏ដូចជាការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។
ក្នុងឱកាសនោះដែរ លោក វង្សី វិស្សុត ក៏បានគូសបញ្ជាក់ ពីការត្រៀមខ្លួនជានិច្ច ក្នុងនាមជា អគ្គលេខាធិការកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីសម្រប សម្រួលដឹកនាំ ការងារដើម្បីត្រៀម សម្រាប់កិច្ចប្រជុំពេញអង្គលើកទី៦ របស់គណ:កម្មាធិការ សម្របសម្រួលអន្តរ រដ្ឋាភិបាលកម្ពុជា-ចិននេះ ឱ្យសម្រេច បានជោគជ័យ ដើម្បីពង្រីក និងពង្រឹងឱ្យកាន់តែស៊ីជំរៅ ដើម្បីនាំមកថែមទៀត នូវផលប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនទាំងពីរ ក៏ដូចជាដើម្បីអបអរសាទរដល់ខួបទី ១០០ ព្រះវស្សា របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងឆ្នាំ២០២២នេះ ក៏ដូចជាខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជាចិន នៅឆ្នាំ២០២៣ ខាងមុខ។
គួរបញ្ជាក់ដែរថា គណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ ដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង ហើយគណ:កម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ប្រជុំរៀងរាល់ពីរឆ្នាំម្តង ដើម្បីបូកសរុប លទ្ធផលការងារកន្លងមក និងរៀបចំផែនការសហប្រតិបត្តិការ សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram