ម្ចាស់ពានរង្វាន់លេខ១ ចម្រៀងសកលថ្នាក់ជាតិឆ្នាំ២០១១ លោក ឌី ថារ៉េន ធ្លាយដំណឹងធ្លាក់ខ្លួនរត់ម៉ូតូឌុបរកប្រាក់ចិញ្ចឹមគ្រួសារ

(ភ្នំពេញ)៖ ទស្សនិកជនច្បាស់ជានៅចាំបានថា ម្ចាស់ពានមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល ឆ្នាំ២០១១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកចម្រៀងសម័យ គឺលោក ឌី ថារ៉េន នោះហើយ ប៉ុន្តែបច្ចុប្បន្នលោក ត្រូវបានគេដឹងថា កំពុងធ្លាក់ខ្លួនដុនដាបមានជីវភាពខ្វះខាតខ្លាំង រហូតឆ្លៀតពេលរត់ម៉ូតូឌុប ដើម្បីបានប្រាក់ផ្គត់ផ្គង់គ្រួសារ ក្រោយមានការរីករាលដាលពីជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងសកលលោក។

យ៉ាងណាមិញ ងាកមកការងារសិល្បៈនាពេលថ្មីៗនេះវិញ លោក ឌី ថារ៉េន និងភរិយាអ្នកនាង អ៊ុត ស្រីម៉ៅ ក៏កំពុងផ្ទុះការគាំទ្រជាថ្មីម្តងទៀត តាមរយៈបទចម្រៀង «ឧត្តមភរិយានាយទាហាន» (សោភា សោភា) ដែលជាបទចម្រៀងមរតកដើមរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សិរីសុទ្ធា ដែលលោក និងអ្នកនាង អ៊ុត ស្រីម៉ៅ បានច្រៀងលេងកម្សាន្តនៅខេត្តស្វាយរៀង ហើយត្រូវមិត្តភក្តិរបស់លោកយកទៅបង្ហោះតាមរយៈសង្គមហ្វេសប៊ុក មានការចូលមើលជិត២លាននាក់ ដោយគ្រាន់តែបង្ហោះទើបតែបាន២០ថ្ងៃប៉ុណ្ណោះ។

លោក ឌី ថារ៉េន ម្ចាស់ពានរង្វាន់លេខ១ ផ្នែកចម្រៀងសម័យ ឆ្នាំ២០១១ បានឲ្យដឹងថា រូបលោកនិងភរិយាគឺអ្នកនាង អ៊ុត ស្រីម៉ៅ ពុំសូវបានច្រៀងតាមទូរទស្សន៍ ក៏ដូចជាភោជនីយដ្ឋាន ឬតាមក្រុមវង់តន្ត្រីនានានោះទេ ដែលក្នុងរដូវប្រាំងកន្លងមកនេះ ប្រទេសយើងមានការរាលដាលពីជំងឺកូវីដ១៩ ធ្វើឲ្យមានការលប់ចោលពិធីផ្សេងៗ និងរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺនេះ នាំឲ្យពុំមានកម្មវិធីប្រគំតន្ត្រីតាមវង់តន្ត្រីនានានោះទេ។

លោក ឌី ថារ៉េន បានបញ្ជាក់ថា បច្ចុប្បន្នលោកបានថតជាច្រៀង បង្ហោះនៅក្នុងយូធូប ការជានិពន្ធពីបងប្អូន នៅក្នុងប្រទេស និងនៅក្រៅ ប្រទេសដែលគេនិយមចូលចិត្ត សំឡេងរបស់លោក បានជាច្រើនបទទាំងបទមរកតដើម និងបទ Original song មានការគាំទ្រច្រើន ពីពលរដ្ឋទាំងក្នុង និងក្រៅប្រទេសផងដែរ។ ប៉ុន្តែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានឡើយ ដោយឆ្លៀតពេលរត់ម៉ូតូឌុបបន្ថែម។

លោក ឌី ថារ៉េន បានរំឭកពីប្រវត្តិដែលលោក បានឈានជើងចូលវិថីសិល្បៈថា លោកមានស្រុកកំណើតខេត្តកំពង់ចាម ក្រោយមកក៏បានទៅរស់នៅខេត្តកំពង់ធំ ហើយកាលពីឆ្នាំ២០០៩ លោកបានស្ម័គ្រចិត្តចូលបម្រើ ក្នុងជួរកងទ័ពឆ័ត្រយោង៩១១ ឈរជើងនៅប្រាសាទព្រះវិហារបានមួយរយៈ តែក្រោយមកក៏មានជំងឺគ្រុនចាញ់ ក៏បានឈប់មកសម្រាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ហើយមិនបានវិលត្រឡប់ មកបម្រើកងទ័ពវិញទេ។

នៅឆ្នាំ២០១០ការប្រឡងចម្រៀង មហោស្រពសិល្បៈចម្រៀងខ្មែរជាសកល ក៏បានផ្តល់ឱកាសឱ្យរូបលោក ដាក់ពាក្យចូលប្រឡងនៅខេត្តកំពង់ធំ ជាប់ចំណាត់ថ្នាក់លេខ១។ ក្រោយពីប្រឡងជាប់នៅខេត្តរួចមក ខាងខេត្តក៏បញ្ជូនបន្តមកភ្នំពេញ ដើម្បីប្រឡងយកពានរង្វាន់សកល ផ្នែកចម្រៀងសម័យ ក្នុងការប្រឡងនេះ គឺគេចម្រាញ់យកតែអ្នកជាប់ចំណាត់ ថ្នាក់លេខ១ប្រចាំខេត្ត និងមានខ្មែរនៅក្រៅប្រទេស មកប្រឡងយកជ័យលាភីដែរ តែរូបលោកពុំទទួលបានចំណាត់ល្អនោះទេ គឺបានត្រឹមលេខ៤ប៉ុណ្ណោះ។

លោក ឌី ថារ៉េន បញ្ជាក់ថា ក្រោយពីមិនទទួលបានចំណាត់ថ្នាក់ ដែលជាទីពេញចិត្តនោះ នៅឆ្នាំ២០១១ ក៏បានដាក់ពាក្យប្រឡងយកជ័យលាភីម្តងទៀត ទើបទទួលបានចំណាត់ថ្នាក់លេខ១ ដែលមានអ្នកដាក់ពាក្យប្រឡងយ៉ាងច្រើនកុះករ។ ពានរង្វាន់ចម្រៀងខ្មែរជាសកល ផ្នែកចម្រៀងសម័យរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានពានចម្រៀង១ និងថវិកា២៥០០ដុល្លារ ដោយកាលនោះប្រគល់ដោយសម្ដេចវិបុលបញ្ញា សុខ អាន។

លោក ឌី ថារ៉េន បន្តទៀតថា ក្រោយពីទទួលបានជ័យលាភីលេខ១រួចមក ក៏មានស្ថានីយទូរទស្សន៍មួយចំនួន បានហៅលោកឡើងច្រៀង និងច្រៀងតាមក្រុមវង់តន្ត្រីប្រគំតាមរោងការ បុណ្យ ជប់លៀង រង្គសាលខ្លះៗដែរ ក្នុងនោះដូចជាកម្មវិធីតន្ត្រីស្រុកស្រែ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កម្មវិធីមន្តស្នេហ៍សំនៀង CTN និងទូរទស្សន៍ហង្សមាស ទូរទស្សន៍អប្សរាផងដែរ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពុំសូវមានខាងស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមវង់តន្ត្រីហៅច្រៀងទៀតទេ ធ្វើឲ្យជីវភាពលោកជួបការលំបាក ក៏ឆ្លៀតដើររកការងារធ្វើបន្ថែម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram