ក្រសួងទេសចរណ៍ ចែករំលែកបទពិសោធន៍ពីការគ្រប់គ្រងគោលដៅទេសចរណ៍ដល់មន្ត្រីក្រោមឱវាទ និងអ្នកពាក់ព័ន្ធផ្សេងទៀត

(កែប)៖ ក្រសួងទេសចរណ៍បាននិងកំពុងរៀបចំសិក្ខាសាលាផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ស្តីពីការគ្រប់គ្រងទេសចរណ៍ ដើម្បីបន្តការកសាងនិងពង្រឹងសមត្ថភាពសមាជិកក្នុងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងក្រុមការងារទេសចរណ៍ដែលមានសមាសភាពមកពីផ្នែកសាធារណៈ ផ្នែកឯកជន និងសហគមន៍ប្រជាពលរដ្ឋ។


សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមកិច្ចសហការរបស់ក្រសួងទេសចរណ៍ និងនាយកដ្ឋានទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការគាំទ្រដោយគម្រោងទេសចរណ៍ គឺគម្រោងអភិវឌ្ឍន៍ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ឬហៅជាពាក្យបច្ចេកទេសថា GMS TIIG II No.3701-CAM ហៅកាត់ COL ដែលជាគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កម្មវិធីសិក្ខាសាលានេះនឹងប្រព្រឹត្តជា៣វគ្គបន្តបន្ទាប់គ្នាទៅតាមពេលវេលាកម្មវិធី និងទីតាំងដែលបានគ្រោងទុក ដោយវគ្គទី១ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ កម្មវិធីបានរៀបចំនៅខេត្តកែបដែលជាគោលដៅទេសចរណ៍សម្រាកលម្ហែប្រណិតកម្រិតខ្ពស់ ក្រោមពាក្យស្លោក «កែបឋានសួគ៌លម្ហែ Kep: Paradise»។ វគ្គទី២ គ្រោងរៀបចំនៅសៀមរាប-អង្គរ និងវគ្គទី៣ នៅខេត្តព្រះសីហនុ ជាគោលដៅទីផ្សារទេសចរណ៍គុណភាព ក្រោមពាក្យស្លោក «សប្បាយរីករាយគ្មានដែនកំណត់ Endless Joy»។
ក្នុងកម្មវិធីបើកសិក្ខាសាលានេះដែរ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ និងជានាយកគម្រោងទេសចរណ៍ GMS TIIG បានបញ្ជាក់ថា សិក្ខាសាលាផ្លាស់ប្តូរចែករំលែកបទពិសោធន៍នេះ មានគោលបំណងសំខាន់ក្នុងការកសាងនិងការពង្រឹងសមត្ថភាពសមាជិកក្នុងគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត និងក្រុមការងារទេសចរណ៍ ដែលមានសមាសភាពមកពីផ្នែកសាធារណៈ ផ្នែកឯកជន និងសហគមន៍ប្រជាពលរដ្ឋ លើការរៀបចំផែនការទេសចរណ៍ ការការការពារ និងអភិរក្សធនធាន ការថែរក្សាបរិស្ថាន ការផ្សព្វផ្សាយទេសចរណ៍ ហើយគោលដៅចុងក្រោយគឺការគ្រប់គ្រងគោលដៅទេសចរណ៍ប្រកបដោយចីរភាព ប្រសិទ្ធភាព បរិយាបន្ន និងមានទំនួលខុសត្រូវខ្ពស់។
គួរជម្រាបថា ក្រោយពីការបើកសិក្ខាសាលាខាងលើចប់ លោករដ្ឋលេខាធិការប្រចាំការ ទិត ចន្ថា បានចុះពិនិត្យអំពីវឌ្ឍនភាពនៃការអនុវត្តអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត ដែលបច្ចុប្បន្ននេះសម្រេចបាន៨៩.៤%ហើយ ខណៈគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram