ក្រសួងការងារ ជូនដំណឹងពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន


(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលជប៉ុន។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន CPNS News ទទួលបាននៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា សាធារណជន ទីភ្នាក់ងារជ្រើសរើសឯកជន និងកម្មសិក្សាការី-ពលករជំនាញ ដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចអនុញ្ញាតឱ្យជនបរទេស រួមទាំងកម្មសិក្សាការី-ពលករជំនាញកម្ពុជា ចូលប្រទេសជប៉ុនឡើងវិញ ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយត្រូវអនុវត្តទៅតាមនីតិវិធីដូចខាងក្រោម៖
*ទីភ្នាក់ងារជ្រើសរើសឯកជនត្រូវ៖
ទី១៖ សហការជាមួយក្រុមហ៊ុនទទួល ឬសមាគមនៅប្រទេសជប៉ុន ដើម្បីស្នើសុំលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន ដែលចេញដោយក្រសួង ឬភ្នាក់ងារមានសមត្ថកិច្ចនៃប្រទេសជប៉ុន។
ទី២៖ ត្រូវភ្ជាប់បន្ថែមនូវលិខិតអនុញ្ញាតសម្រាប់កម្មសិក្សាការី-ពលករជំនាញចូលប្រទេសជប៉ុន នៅពេលស្នើសុំទិដ្ឋាការជូនកម្មសិក្សាការី-ពលករជំនាញ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។
*កម្មសិក្សាការី-ពលករជំនាញត្រូវ៖
ទី១៖ មានវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្ដកូវីដ១៩ អវិជ្ជមាន ក្នុងរយៈពេល ៧២ម៉ោង មុនពេលចាកចេញទៅប្រទេសជប៉ុន។
ទី២៖ បំពេញកិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ដែលតម្រូវដោយរដ្ឋាភិបាលនៃប្រទេសជប៉ុនមុនពេលចាកចេញទៅប្រទេសជប៉ុន។
ទី៣៖ ទាញយក និងចុះឈ្មោះក្នុងកម្មវិធី Covid-19 Contact-Confirming Application ក្នុងទូរស័ព្ទដៃមុនពេលចាកចេញទៅប្រទេសជប៉ុន។
ទី៤៖ ផ្តល់កិច្ចសន្យាអនុវត្តវិធានការចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន។
និងទី៥៖ អនុវត្តការធ្វើចត្តាឡីស័ក ទៅតាមវិធានការរបស់រដ្ឋាភិបាល នៃប្រទេសជប៉ុន នៅពេលទៅដល់ប្រទេសជប៉ុន។
សម្គាល់៖ ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram