គម្រោងផ្លូវរថភ្លើងដែលជាប់គាំងរបស់វៀតណាម បង្ខំឱ្យក្រុមហ៊ុនកូរ៉េ Hyundai Engineering ទាមទារសំណងខូចខាត

(ហាណូយ)៖ គម្រោងបណ្តាក់ទុនរួមគ្នាមួយដែលមានការចូលរួមពីក្រុមហ៊ុន Hyundai Engineering and Construction របស់ប្រទេសកូរ៉េខាងត្បូង កំពុងទាមទារសំណងខូចខាត ១១៤,៧លានដុល្លារពីទីក្រុងហាណូយ ដោយសារការពន្យាពេលបញ្ចប់ការសាងសង់គម្រោងរថភ្លើងទីក្រុងក្នុងរដ្ឋធានីវៀតណាមមួយនេះ។ នេះបើយោងតាមកាសែត Nikkei Asia។
គម្រោងបណ្តាក់ទុនរួមគ្នានេះ មានក្រុមហ៊ុនអ៊ីតាលី Ghella គឺជាក្រុមហ៊ុនម៉ៅការសាងសងនាំមុខគេក្នុងការសាងសង់ផ្នែកមួយនៃរថភ្លើងក្រោមដីនៃខ្សែ Hanoi Metro Line 3 ដែលមានចម្ងាយ ១២,៥គីឡូម៉ែត្រ ដែលតភ្ជាប់រដ្ឋធានីហាណូយនិងតំបន់ជាយក្រុងនៅភាគខាងលិច។


កាសែតក្នុងស្រុងបានរាយការណ៍ថា ការសាងសង់នេះដំបូងឡើយគម្រោងនឹងបញ្ចប់នៅឆ្នាំ២០១៨ ប៉ុន្តែត្រូវបានពន្យាពេលដល់ខែធ្នូ ឆ្នាំ២០២២។ ការពន្យាពេលនេះមួយផ្នែកដោយសារការពន្យាពេលក្នុងការដោះស្រាយបញ្ហាដីនៅក្នុងតំបន់ប៉ះពាល់គម្រោង។
កាសែត Nikkei Asia បានរាយការណ៍ទៀតថា គម្រោងបណ្តាក់ទុករួមគ្នារបស់ក្រុមហ៊ុន Hyundai E&C បានផ្អាកការងារនៅខែមិថុនា និងបានឱ្យដឹងថា ក្រុមហ៊ុនកំពុងពិចារណានាំយកបណ្តឹងនេះទៅកាន់មជ្ឈត្តការអន្តរជាតិ ប្រសិនបើមិនមានការសងការខូចខាត។


ក្រុមប្រឹក្សាគ្រប់គ្រងផ្លូវដែកមេត្រូរបស់ក្រុងហាណូយ បានឱ្យដឹងថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនម៉ៅការសាងសង់នានា ដើម្បីកំណត់តួលេខាត្រឹមត្រូវសម្រាប់ការខាតបង់។
បញ្ហាប្រហាក់ប្រហែលគ្នានេះដែរ បានកើតមានឡើងនៅផ្នែកមួយផ្សេងទៀតនៃបណ្តាញ Line 3។ ក្រុមហ៊ុន Daelim Industrial របស់កូរ៉េខាងត្បូងដែលទទួលបានកិច្ចសន្យាសាងសង់ផ្នែកសំណង់ខ្ពស់នៃបណ្តាញរថភ្លើងនេះ បានស្វែងរកសំណងខូចខាតប្រហែល ១៩លានដុល្លារនៅឆ្នាំ២០២០ ដោយសារការពន្យាពេលសាងសង់រយៈពេល២ឆ្នាំ។ ប៉ុន្តែជាចុងក្រោយក្រុមហ៊ុន Daelim យល់ព្រមទទួលយកសំណងចំនួន ៦,៦លានដុល្លារពីក្រុមប្រឹក្សាគ្រប់គ្រងផ្លូវដែកមេត្រូ។
វៀតណាមមានគម្រោងផ្លូវដែកមេត្រូដែលកំពុងសាងសង់ចំនួនបីគម្រោង ដែលគម្រោងនីមួយៗសុទ្ធតែមិនបញ្ចប់តាមផែនការ។
ការទូទាត់យឺតទៅឱ្យក្រុមហ៊ុនជាប់កិច្ចសន្យាបានក្លាយជាបញ្ហារ៉ាំរ៉ៃ។ ការពិភាក្សាជាមួយមន្ត្រី បន្តធ្វើឡើងជុំវិញគម្រោងបណ្តាញ Line 1 របស់ទីក្រុងហូជីមិញ ដែលក្រុមហ៊ុនជប៉ុន Hitachi ក៏បានចូលរួមក្នុងគម្រោងនេះដែរ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram