បុរសម្នាក់ ត្រូវបានឃាតករចាក់សម្លាប់ជាច្រើនកាំបិត រួចទម្លាក់សពចោលក្រោមដើមត្នោត នៅស្រុកមុខកំពូល ខេត្តកណ្តាល

កណ្តាល៖ប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ដែលត្រូវបានឃាតករចាក់សម្លាប់ជាច្រើនកាំបិតរួចបានយកសពមកទម្លាក់ចោលក្រោមដើមត្នោត ស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលសមត្ថកិច្ចដាក់ការសង្ស័យជាបឋម ថា ករណីឃាតកម្ម ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ CPNS NEWS កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ថា ពួកគាត់ធ្វើដំណើរឆ្លងកាត់ទីនោះ បានប្រទះឃើញសពបុរសម្នាក់អង្គុយអោនមុខចុះ ក្នុងស្ថានភាពឈាមជាប់អាវ និង មានស្នាមចាក់ជាច្រើនកន្លែង ផងដែរ ទើបពួកគាត់រាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍តែម្តង ។


ក្រោយមានហេតុការណ៍នេះកើតឡើង កម្លាំងនគរបាលខេត្តកណ្ដាល និង នគរបាលស្រុកមុខកំពូល បានចុះពិនិត្យដល់កន្លែងទើបដឹងថា ជនរងគ្រោះជាជនជាតិវៀតណាម មានឈ្មោះ ង្វៀង ដាំងជុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបអោយ CPNS NEWS ដឹងថា ករណីនេះទំនងជាករណីចាក់សម្លាប់នៅក្នុងទឹកដីខេត្តផ្សេង ហើយយកសពមកទម្លាក់ចោលក្នុងខេត្តកណ្ដាល ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងពិនិត្យនិងធ្វើកោសល្យវិច័យដើម្បីកសាងសំណុំរឿងស្រាវជ្រាវរកជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram