ខេត្តឧត្តរមានជ័យ បន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១សប្តាហ៍ន្ថែមទៀត រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។
បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ហាមដាច់ខាតនូវរាល់ការលក់ ចែកចាយស្រា ស្រាបៀរ រួមនឹងភេសជ្ជៈដែលមានជាតិអាល់កុល (បណ្តាលឱ្យស្រវឹង) ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ក្នុងថិរវេលាកំណត់ដូចមានចែងក្នុងប្រការ១ ជាកំហិត។


ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានបញ្ជាក់ថា រាល់ការបម្រើសេវាកម្មរបស់តូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន និងភោជនីយដ្ឋាន នៅតាមសណ្ឋាគារ។ល។ ត្រូវតែគោរពឱ្យខាងតែបាននូវវិធានការអនាម័យ ដូចជាការរៀបចំដែលអាកុល បាញ់សម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។ល។ ស្របតាមការណែនាំ និងវិធានសុខាភិបាលក្នុងការបម្រើសេវាកម្មរបស់ខ្លួន ដោយមិនអនុញ្ញាតឱ្យបម្រើសេវាក្នុងទីតាំងផ្ទាល់ជាដាច់ខាត តែប្រើជម្រើសសេវាកម្មបែបវេចខ្ចប់ និងហាមការបម្រើសេវាគ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត។


រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ហាមឃាត់ជាបណ្តោះអាសន្នការធ្វើសកម្មភាព មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងបៀហ្គាឌិន, រមណីយដ្ឋាន និងសួនកំសាន្តនានា, អាជីវកម្មម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមណ្ឌលកីឡានានា និងសកម្មភាពមុខរបរអាជីវកម្មដែលនឹងបង្កឱ្យមានស្ថានភាពប្រឈមដែលកំណត់របស់អាជ្ញាធរអនុលោមតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
បន្ថែមពីនេះ ចំពោះរាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ ការរៀបចំដែល/អាកុលបាញ់សម្លាប់មេរោគ ការវាស់កម្តៅ ការប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ» (Stop Covid) និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។ល។ ពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ»។


ត្រូវបានបន្តផ្អាកជាបណ្តោះអាសន្ននូវការរៀបចំពិធីមង្គលការ ពិធីជប់លៀង, ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១០នាក់, ការជួបជុំតាមបែបសាសនានានា, ការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង លើកលែងតែចំពោះករណីដូចខាងក្រោម៖
*ការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នា
*ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច
*ការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ការយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត
*ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ


*ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ដោយឡែក ចំពោះភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា «តំបន់ក្រហម», «តំបន់លឿងទុំ» និង «តំបន់លឿង» តាមថិរវេលាកំណត់អនុលោមតាមការវាយតម្លៃរបស់ក្រុមការងារបច្ចេកទេសដែលទទួលបន្ទុក។
ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម», «តំបន់លឿងទុំ» ឬ «តំបន់លឿង»។ ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់រដ្ឋបាលខេត្តឧត្តរមានជ័យ តាមសំណើរបស់រដ្ឋបាលក្រុង ស្រុកសាមីបន្ទាប់ពីទទួលបានការវាយតម្លៃពីក្រុមការងារបច្ចេកទេសដែលទទួលបន្ទុក ដោយអនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram