អាជ្ញាធរខណ្ឌសែនសុខ សម្រេចបិទផ្សារពិភពថ្មី ឈូកមាសនិងផ្សាររីករាយបណ្តោះអាសន្ន១៤ថ្ងៃ

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារពិភពថ្មីឈូកមាស ផ្សាររីករាយ និងអាជីវករ ទាំងអស់ដែលលក់ដូរនៅជុំវិញ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។


រដ្ឋបាលខណ្ឌសែនសុខ – សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេស អាជីវករទាំងអស់ឲ្យបានជ្រាបថា៖ អាស្រ័យស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះមានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលត្រូវទប់ស្កាត់ជាបន្ទាន់។


ចំពោះមុខ រដ្ឋបាលខណ្ឌសែនសុខ សូមផ្អាកដំណើរការជាបណ្ដោះអាសន្ន ផ្សារពិភពថ្មី ឈូកមាស ផ្សាររីករាយ និងការលក់ដូរនៅជុំវិញទីតាំងខាងលើទាំងអស់ ក្នុងសង្កាត់ក្រាំងធ្នង់ និងសង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើ។


ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅ តូបលេខ០០៥ ផ្សារ ពិភពថ្មី ឈូក មាស ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅយកសំណាក់តេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់នៅ ផ្លូវ A ខាងត្បូងផ្សារពិភពថ្មី ឈូកមាស។ រដ្ឋបាលខណ្ឌសែនសុខ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងផ្សារពិភពថ្មី ឈូក មាស ផ្សាររីករាយ និងអាជីវករស្ថិតនៅជុំវិញទាំងអស់ មានការយោគយល់ អធ្យាស្រ័យ និងចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram