រដ្ឋបាលខេត្តកណ្ដាល ៖ ពលរដ្ឋធ្វើដំណើរចេញចូល ភ្នំពេញ-ខេត្តកណ្តាលមិនតម្រូវឲ្យធ្វើចត្តាឡីស័កទេ…

ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញដែលមានបំណងធ្វើដំណើរមកខេត្តកណ្តាលគឺមិនតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃទេ បើទោះបីជារាជធានីភ្នំពេញជាតំបន់ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ក្តី។


លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍នៅល្ងាចថ្ងៃនេះថារដ្ឋបាលខេត្តអនុវត្តទៅតាមខ្លឹមសាររបស់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដោយខេត្តកណ្តាលនិងរាជធានីភ្នំពេញជាតំបន់តែមួយ។ដូចនេះប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលអាចធ្វើចរាចរចេញចូលគ្នាជាប្រក្រតីជាធម្មតា។
លោកបានបន្តថា «ពេលនេះរដ្ឋបាលខេត្តនៅមិនទាន់មានចេញសេចក្តីសម្រេចដាច់ដោយឡែកណាមួយដើម្បីកំណត់ថាពលរដ្ឋមកពីរាជធានីភ្នំពេញត្រូវធ្វើចត្តាឡីស័កឬយ៉ាងណានោះទេ។ ដូច្នេះយើងនៅមិនទាន់មានវិធានការណាថ្មីចេញក្រៅពីសេចក្តីសម្រេចរបស់រដ្ឋាភិបាលនោះទេគឺយើងកំពុងអនុវត្តសេចក្តីសម្រេចរបស់រដ្ឋាភិបាលទាំងស្រុង»។
កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត។
ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់មួយមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមកនោះទេ។


លោក គ្រុយ ម៉ាឡែនបានបន្តទៀតថា «អីចឹងសូមជម្រាបជួនថាប្រជាពលរដ្ឋនៅភ្នំពេញអាចធ្វើដំណើរមកខេត្តកណ្តាលបានជាប្រក្រតី លើកលែងតែខាងរាជធានីភ្នំពេញបានដាក់បម្រាបគោចរចាប់ពីម៉ោង៨យប់ទៅដល់ម៉ោង៥ទៀបភ្លឺ។ ចំណែកខាងរដ្ឋបាលខេត្តកណ្តាលនៅមិនទាន់មានវិធានការអ្វីនោះទេ»។
យ៉ាងណាក៏ដោយ លោកបានបន្ថែមថា រដ្ឋបាលខេត្តនឹងពិនិត្យតាមដានស្ថានភាពជាបន្តបន្ទាប់ទៀតក្នុងករណីចាំណាមួយរដ្ឋបាលនឹងពិនិត្យមើលលទ្ធភាពបិទទីតាំងផ្សេងឬកន្លែងណាក្នុងករណីរកឃើញថាមានបញ្ហាប្រឈមខ្លាំងទប់ទល់នឹងការរីករាលដាលនេះ។
នាយករដ្ឋបាលរូបនោះបានបញ្ជាក់ថា ដោយឡែកក្រៅពីរាជធានីភ្នំពេញរដ្ឋបាលខេត្តបានបិទទាំងស្រុងមិនអនុញ្ញាតឲ្យមានការចេញចូលដោយអនុវត្តទៅតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram