ក្រសួងទេសចរណ៍ តម្រូវឲ្យបិទរមណីយដ្ឋានទេសចរណ៍ទាំងអស់នៅទូទាំងប្រទេសរយៈពេល១៤ថ្ងៃ…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី០៧ ខែមេសា នេះបានសស្នើឲ្យប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំងអស់បិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺក្ខវឹង-១៩។


តាមលិខិតរបស់លោក ថោង ខុន ដែលផ្ញើទៅកាន់ប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំងអស់ បានបញ្ជាក់ថា “ដោយអនុវត្តតាមសេចក្តីសម្រេចរាជរដ្ឋាភិបាលលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូរឹង-១៩ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ជាកំហិត”។


ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យកិច្ចការ នេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានសកម្មភាពទេសចរណ៍ណាមួយនៅតាមរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ដែលមាននៅក្នុងមូលដ្ឋាន របស់ខ្លួនក្នុងរយៈពេលនៃការបិទជាបណ្តោះអាសន្ននេះ ជាដាច់ខាត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram