តុលាការចេញសេចក្តីសម្រេចលើបុរស៣នាក់ ជុំគ្នាផឹកស៊ី មិនស្តាប់អាជ្ញាធរ…

បុរសចំនួន ៣នាក់ ដែលបានជួបជុំគ្នាផឹកស៊ី និងច្រៀងខារ៉ាអូខេ ល្មើសវិធានការសុខាភិបាល ហើយដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី៦ ខែមេសា នោះ ត្រូវបានតុលាការដោះលែង និងអនុញ្ញាតិឲ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែតម្រូវឲ្យមានការពិន័យអន្តរកាល។


បុរសទាំង៣នាក់នោះរួមមាន ទី១- ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងម៉ាស៊ីនរោងចក្រ វួយឈែង ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ទី២- ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន), ទី៣- ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។


លោក គុជ គឹមឡុង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់កាលពីយប់ថ្ងៃទី០៧ ខែមេសា ថា បុរសទាំង៣នាក់ ដែលជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ ហើយដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកតុលាការនោះ គឺល្មើសនិងមាត្រា៣ នៃច្បាប់ស្តីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” ហើយទណ្ឌកម្មរបស់ពួកគាត់យោងតាមមាត្រា៥ គឺពួកគាត់មិនមានទណ្ឌកម្មជាប់ពន្ធនាគារទេ គឺតម្រូវឲ្យមានពិន័យអន្តរកាល។
បើតាមលោក គុជ គឹមឡុង ក្រោយពីសាកសួរតាមនីតិវិធីរួចមក លោកព្រះរាជអាជ្ញារង មុត តារា បានសម្រេចឲ្យខាងក្រសួងសុខាភិបាល ជាសមត្ថកិច្ចនៅក្នុងការពិន័យអន្តរកាល ហើយបានឲ្យពួកគាត់ធ្វើកិច្ចសន្យា និងអប់រំឲ្យចូលរួម ដើម្បីគោរពវិធានសុខាភិបាល និងបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា កម្លាំងនគរបាលខណ្ឌសែនសុខ បានបញ្ជូនបុរស៣នាក់ ដែលបានជួបជុំផឹកស៊ីល្មើសនឹងវិធានការសុខាភិបាលទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ក្រោយពីធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា វេលាម៉ោងជាង៥ល្ងាច ដោយកម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ខណៈជនទាំង៣នាក់ ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ នៅចំណុចមុខបន្ទប់ជួលក្នុងផ្សារបឹងបៃតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram