អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការបង្ក្រាប និងបិទហាងស្ទីមសូណា ម៉ាស្សា យីហោ «ផ្ទះសុខភាព»…

រាជធានីភ្នំពេញ ៖ ហាងស្ទីមសូណា ម៉ាស្សា យីហោ «ផ្ទះសុខភាព» បានដំណើរការដោយលួចលាក់បំពាន និងបម្រាមរបស់ក្រសួងសុខាភិបាលដែលកំពុងទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវ COVID-19 ហើយមាន ភ្ញៀវចូលផឹកស៊ីជុំគ្នាច្រើន បង្កឲ្យមានការព្រួយបារម្ភអំពីមានហានិភ័យដែលអាចកើតឡើងពីទង្វើល្មើសមួយនេះ ។
បន្ទាប់ពីបានដឹងនូវការបំពានបម្រាមពីសំណាក់ហាងខាងលើនោះហើយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើការបង្ក្រាប និងបិទឈប់ឲ្យដំណើរការតទៅទៀត ព្រមទាំងឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងភ្ញៀវប្រុសស្រីសរុបចំនួន១២នាក់ នាំយកទៅធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ។


ហាងស្ទីម សូណា ម៉ាស្សា ខាងលើមានទីតាំងស្ថិតនៅ នៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង៣ ក្នុងសង្កាត់សង្កាត់ចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបិទកាលល្ងាច ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០១។
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ៖ ខណៈនេះ គឺជាពេលវេលាមួយដ៏លំបាកព្រោះតែជម្ងឺ COVID-19 កំពុងរាតត្បាតរីករាលដាលនៅក្នុងសហគមន៍ ហើយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នទាំងអស់កំពុងប្រយុទ្ធប្រឆាំង និងជម្ងឺនេះ ហើយក៏ទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋបណ្ដាក្រុមហ៊ុននានាផងដែរ ។


នៅក្នុងបរិបទនេះ ហាងផឹកស៊ី ខារ៉ាអូខេ ឬទីតាំងក្លិបកម្សាន្ត និងហាងស្ទីមសូណា ម៉ាស្សាផ្សេងៗត្រូវបានណែនាំឲ្យផ្អាកជាបណ្ដោះអាសន្នមិនឲ្យបើកនាំឲ្យមានការជួបជុំផឹកស៊ីនោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនូវជម្ងឺដ៏កាចសាហាវមួយនេះ ។


ប្រភពដដែលបានបន្តទៀតថា៖ ទន្ទឹម និងនេះអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះធ្វើការណែនាំពីវិធានការ និងការណែនាំខាងលើដល់គ្រប់បណ្ដាទីតាំងហាងផឹកស៊ី ខារ៉ាអូខេ ឬទីតាំងក្លិបកម្សាន្តនិងហាងស្ទីមសូណា ម៉ាស្សាទាំងអស់ដែលកំពុងរកស៊ីនៅក្នុងខណ្ឌជាបន្តបន្ទាប់រួចមកហើយ និងឃើញថា គ្រប់ម្ចាស់ទីតាំងទាំងអស់អនុវត្តតាម ។


ដោយឡែកម្ចាស់ហាងមួយនេះ មិនបានចូលរួមសហការណ៍ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺ COVID-19នោះឡើយ នៅបន្តលួចបើកអាជីវកម្មមិនខ្វល់ពីការកើតមានហានិភ័យនៃជម្ងឺឆ្លងដ៏កាចសាហាវនេះសោះ ទើបអាជ្ញាធរខណ្ឌដាក់កម្លាំងចុះបង្ក្រាប និងសម្រេចបិទទីតាំងមួយនេះជាបណ្ដោះអាសន្នព្រមទាំងធ្វើការឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងភ្ញៀវសរុបចំនួន១២នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram