អ្នកដែលធ្លាប់ទៅក្រុមហ៊ុន Metfone សាខាផ្លូវវេងស្រេង បើមានរោគសញ្ញាសង្ស័យ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩…

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវ ឲ្យអ្នកដែលធ្លាប់បានចូលក្រុមហ៊ុន មិត្តហ្វូន (Metfone) សាខាស្ថិតលើផ្លូវវេងស្រេវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានរោគសញ្ញា ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩។


តាមរយៈទំព័រហ្វេសប៊ុក, អនុគណៈកម្មការ បានបន្ថែមថា ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទទួលសេវាកម្ម នៅក្រុមហ៊ុនមិត្តហ្វូន ចាប់ពីថ្ងៃទី១០ ខែមីនា ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាសង្ស័យ សូមទៅធ្វើតេស្ត ព្រោះមានអ្នកវិជ្ជមានកូវីដ១៩ ធ្វើខាងផ្នែកបច្ចេកទេស នៅទីនោះ។


សម្រាប់ទីកន្លែងដែលអាចធ្វើតេស្តរកមេរោគកូវីដ១៩បាន មាននៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។
ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram