ឆេះឃ្លាំងស្តុកពូកនៅខណ្ឌពោធិ៍សែនជ័យ ខូចខាតទាំងស្រុង…

ភ្នំពេញ៖ ឃ្លាំងស្តុកពូកមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសស់ កាលពីវេលាម៉ោង ៩:៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា៖ មូលហេតុនៃការឆាបឆេះឃ្លាំងខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ដែលឃ្លាំងនោះសាងសង់ពីដែកប្រក់ស័ង្កសី ទទឹង ២៥ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ។ សម្ភារដែលខូចខាតស្បែកពូកប្រហែល ៥០០ដុំ ឆេះអស់ទាំងស្រុង តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។


សមត្ថកិច្ចបានបញ្ជាក់ថា៖ អគ្គិភ័យនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ស្មើនឹង ៦៤ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យតម្រួតបទបញ្ជាចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ង៧០ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើនឹង ២៤ម៉ែត្រគូប។


ក្រៅពីនោះរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារចំនួន ៧គ្រឿង មិនបានប្រើប្រាស់ទឹក, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប, រថយន្តពន្លត់អគ្គិភ័យរបស់បុរី ក្តីសង្ឃឹមថ្មី ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប។


សូមបញ្ជាក់ថា៖ ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកពូកនោះ រហូតដល់វេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែលទើបគ្រប់គ្រងទាំងស្រុង ដោយមិនមានមនុស្សរងរបួសទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram