ជនសង្ស័យ២នាក់កាប់ បុរសម្នាក់ឲ្យរបួសធ្ងន់ ប្លន់យកម៉ូតូ…

ភ្នំពេញ ៖ បុរសម្នាក់បានឈប់ម៉ូតូនិយាយទូរស័ព្ទស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃមកកាប់ពីក្រោយជាច្រើនដាវបណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុចជិតក្លឹបសេះមាស តាមបណ្តោយវិថីចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ជនរងគ្រោះឈ្មោះ កាន់ កុសល ភេទប្រុសអាយុ២៤ឆ្នាំ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ រីឯម៉ូតូដែលជនសង្ស័យប្លន់យកនោះម៉ាកBEAT ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HN -8376 ។


ជនរងគ្រោះបានឲ្យដឹងថា៖ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូម្នាក់ឯងតាមបណ្តោយវិថីចោមចៅ ខណៈមកដល់ចំណុចកើតហេតុក៏ឈប់និយាយទូរស័ព្ទ ភ្លាមនោះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូហុងដាឌ្រីមសង់មិនចាំស្លាកលេខមកពីក្រោយប្រដាប់ដោយដាវក៏កាប់ប្រហារទៅលើរូបគាត់បណ្តាលឲ្យរងរបួសធ្ងន់រួចប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តងមិនរំខានដល់សមត្ថកិច្ចឡើយ ។


ក្រោយកើតហេតុ ជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងភ្លាមៗនោះទេ ដោយរូបគាត់បានទៅមន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីព្យាបាលរបួសសិន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram